(ព្រះសីហនុ)៖ ក្រោយពីមានហេតុការណ៍មនុស្សលង់ទឹកសមុទ្ររហូតដល់ស្លាប់ និងយកទៅសង្គ្រោះដោយសារតែរលកបោកបក់ធំៗពេក និងដោយសារបញ្ហាអាកាសធាតុ នៅមិនទាន់មានភាពល្អប្រសើរផងនោះ ពោលគឺខ្យល់ និងរលកនៅបន្តបោកបក់ខ្លាំងៗ ទើបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំកម្លាំងនគរបាលផ្ទាល់ជាច្រើននាក់ ចុះទៅយាមប្រចាំការនៅតាមតំបន់មាត់សមុទ្រ និងតំបន់ងាយរងគ្រោះ ដើម្បីពង្រឹង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេសដែលទៅកំសាន្តលេងនៅទីនោះ។
ជាមួយនឹងកម្លាំងប្រតិបត្តិការជាច្រើននាក់ លោកឧត្តមសេនីយ៍ក៏បាននាំយកឧបករណ៍ និងសម្ភារផ្សេងៗ ដែលជាមធ្យោបាយសម្រាប់ការចូលរួមជួយសង្គ្រោះ ដូចជា អូរប័រ រថយន្តសង្គ្រោះបន្ទាន់ជាដើម។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា «នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានប្រើប្រាស់កម្លាំងការិយាល័យ ជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រមូលមធ្យោបាយដែលមានក្នុងអង្គភាព ចុះទៅតាមតំបន់ឆ្នេរសមុទ្រ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ» ។
មន្រ្តីនគរបាលបានបន្តទៀតថា ក្នុងនោះផងដែរយើង បានយកសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាន ទៅបិទតាមដើមឈើ តូបលក់តាមតំបន់ឆ្នេរ និងផ្សព្វផ្សាយតាមឃោសនស័ព្ទ។
សូមបញ្ជាក់ថា នៅ២-៣ថ្ងៃកន្លងទៅនេះ ដោយសារតែអាកាសធាតុមិនល្អ ពោលមានខ្យល់ និងរលកធំៗ បានបោកបក់មកនោះ បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់នៅខេត្តកំពង់ចាម បានលង់ទឹកស្លាប់ ហើយអ្នកមួយចំនួនទៀត ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕