(ភ្នំពេញ)៖ មានជំងឺ ៦០០លានករណី និងមនុស្សប្រមាណ ៤២០ពាន់នាក់ ត្រូវបានបាត់បង់ជីវិតនៅទូទាំងសកលលោកជារៀងរាល់ឆ្នាំ ដោយសារតែបញ្ហាអាហារគ្មានសុវត្ថិភាព។ ម៉្យាងវិញទៀត អត្រាមរណៈភាពកុមារអាយុ ក្រោម៥ឆ្នាំមានប្រមាណ៤០ភាគរយ បង្កឡើងដោយម្ហូបអាហារគ្មានសុវត្ថិភាព នេះបើតាម អង្គការស្បៀងនិង កសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។ បញ្ហានេះបានរារាំង កំណើនសេដ្ឋកិច្ច និងការបាត់បង់ផលិតភាពប្រចាំឆ្នាំរហូតដល់ ៩៥ពាន់លានដុល្លារនៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម។
សុវត្ថិភាពចំណីអាហារ គឺជាប្រធានបទរួម ដែលត្រូវបានជ្រើសរើសយកមកជជែកពិភាក្សា ចែករំលែកក្នុង ចំណោម រាជរដ្ឋាភិបាល សហគមន៍កសិកម្ម កសិករ យុវជន យុវនារី អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នៅក្នុងវេទិកាកសិករលើកទី១២ និងការតាំងពិព័រណ៍ចំណេះដឹង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលដាយកូនៀរាជធានីភ្នំពេញ។
លទ្ធផលរំពឹងទុក៣សំខាន់ៗ ដែលវេទិកាកសិករលើកទី១២ គ្រោងសម្រេចបានគឺ ១) អ្នកពាក់ព័ន្ធ និង កសិករបានយល់យ៉ាងច្បាស់អំពីស្តង់ដារសុវត្ថិភាពចំណីអាហារ គោលការណ៍ណែនាំ គោលការណ៍ និងច្បាប់នៅកម្ពុជា, ២) ភាគីពាក់ព័ន្ធ និងកសិករបានចែករំលែក និងសិក្សាពីការអនុវត្តល្អៗជាច្រើនអំពីសុវត្ថិភាពចំណីអាហារ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មនីមួយៗ ដែលអនុវត្តដោយបុគ្គល និងសហករណ៍កសិកម្ម, ៣) ចងក្រងឱ្យមាន ឯកសារស្តីពីការអនុវត្តល្អនៅក្នុងខ្សែច្រវាក់តម្លៃនីមួយៗសម្រាប់ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា «ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ យើងត្រូវពិចារណានិងធ្វើសកម្មភាពជាដៃគូរគ្រប់ភាគី និងគ្រប់កម្រិត លើដំណើរការតាក់តែងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការកៀរគរធនធាន ការអនុវត្ត និងការត្រួតពិនិត្យ នៃចំណុចពាក់ព័ន្ធសំខាន់ៗ រួមមាន ទឹក ទុន ទីតាំងផលិត ទីផ្សារ និងទទួលទាន ឬ អាចនិយាយបានថា ផលិតកម្មដែលរាប់ពីធាតុចូលផលិតកម្ម ការប្រមូលផល ការស្តុក ថែរក្សា ការកែច្នៃវេចខ្ចប់ ទីផ្សារ រហូតមកដល់ ផ្ទះបាយ និងទទួលទាន»។
សុវត្ថិភាពចំណីអាហារ គឺមានសារៈសំខាន់ណាស់ ចំពោះការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ តើត្រូវធ្វើដូចម្តេចដើម្បីឱ្យយើងដឹងថាចំណីអាហារមានសុវត្ថិភាព?
លោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្រប សម្រួលកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោករបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានពន្យល់ថា «សុវត្ថិភាពចំណីអាហារ គឺជាចំណីដែលយើងញាំទៅមិនឈឺពោះ និងមិនមានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ»។
លោកស្រីបន្ថែមថា អ្នកផលិតពូជ (សត្វ ដំណាំ) អ្នកដាំដុះ អ្នកប្រមូលទិញ អ្នកកែឆ្នៃផលិតម្ហូបអាហារ អ្នកដឹកជញ្ជូន អ្នកលក់ និងអ្នកបរិភោគ អ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យម្ហូបអាហារ និងអ្នកថែរក្សា ឬ ស្ដុកម្ហូបអាហារ ជាអ្នកទទួលខុសត្រូវលើចំណីអាហារដែលយើងផលិត និងបរិភោគ។
ថ្លែងក្នុងឱកាសបើកវេទិកាកសិករថ្នាក់ជាតិលើកទី១២ «សុវត្ថិភាព ចំណីអាហារ និងពិព័រណ៍ចំណេះដឹង» លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «វិស័យកសិកម្មក្នុងនោះរួមមានសុវត្ថិភាព ចំណីអាហារក្នុងច្រវាក់ផលិតកម្ម គឺជាអាទិភាពខ្ពស់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំពីរ ក្នុងគោលដៅជម្រុញផលិតកម្មកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានសន្ទុះយ៉ាងលឿនសំដៅឆ្ពោះទៅកាត់បន្ថយភាពក្រីក និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ និង ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ព្រាប កុល បានស្វាគមន៍ចំពោះការចូលរួមចំណែកគាំទ្រយ៉ាង សកម្មរបស់តួអង្គពាក់ព័ន្ធទាំងអស់រួមមាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សាជីវកម្ម សហគមន៍ និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ក្នុងបំណងរួមចំណែកដោះស្រាយបញ្ហាខាងលើ តាមរយៈកិច្ចសហការល្អជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាមួយស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងក្រុមជនបង្គោល ការអប់រំផ្សព្វ ផ្សាយ សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងកិច្ចពិភាក្សាពហុភាគី រួមទាំងការការ ផ្តល់ធាតុចូលសម្រាប់ជាជំនួយដល់ការរៀបចំ និងតាក់តែងនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការអនុវត្តឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពថែមមួយកម្រិតទៀត៕