(ភ្នំពេញ)៖ លោក យន់ ស៉ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ពិភពលោកមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬកន្លែងណាមួយក្លាយជាឋានសួគ៌របស់ឧក្រិដ្ឋជន ប្រព្រឹត្តអំពើពុករលួយនោះទេ ខណៈកម្ពុជាបានចូលរួមពេញលេញនៃអនុសញ្ញាអង្គការសហប្រជាជាតិ (UNCAC) ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ។

ថ្លែងក្នុងឱកាសចូលរួមធ្វើសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ លោក យន់ ស៉ីណាត បានឱ្យដឹងថា អនុសញ្ញាអង្គការសហប្រជាជាតិ (UNCAC) គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការងារប្រឆាំងអំពើពុករលួយ។ ខណៈបញ្ហាអំពើពុករលួយ ជាមួយបទល្មើសមួយមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា អនុសញ្ញា UNCAC ហាក់ដូចជាផែនទីបង្ហាញផ្លូវ ដល់បណ្តាប្រទេសនានា ដែលជារដ្ឋភាគីរបស់ UNCAC ដើម្បីរួមគ្នាប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេស ឬក្នុងក្របខណ្ឌអន្តរជាតិ ឱ្យទទួលបានភាពល្អប្រសើរ និងមានប្រសិទ្ធភាព។ UNCAC ជាអនុញ្ញាមួយបើកឱកាសដល់រដ្ឋជាភាគីផ្សេងៗរួមគ្នា ពីព្រោះថាអំពើពុករលួយ ជាបទល្មើសឆ្លងដែន ដូច្នេះ មិនអាចប្រទេសណាមួយប្រយុទ្ធប្រឆាំងតែម្នាក់ឯងបាននោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស តំបន់ និងក្រៅតំបន់រួមគ្នា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសនីមួយៗត្រូវរួមគ្នាសហការ អីចឹងនៅក្នុងការសហប្រតិបត្តិការនេះ គឺចាំបាច់នីមួយៗ ត្រូវសហការគ្នាជួយគ្នាទៅវិញទៅមក ពីព្រោះថាពិភលោក គឺមិនអាចឱ្យទីកន្លែងណាមួយ ឬប្រទេសណាមួយ ជាឋានសួគ៌របស់ជនប្រព្រឹត្តអំពើពុករលួយទេ។ ប្រសិនបើមានកន្លែងណាមួយខ្វះចន្លោះមិនបានចូលរួម ឆកល្វែងជនប្រព្រឹត្តអំពើពុករលួយ អាចរើពីកន្លែងមួយទៅកន្លែងមួយសោយសុខបាន»។

លោក យន់ ស៉ីណាត បានអះអាងថា កម្ពុជាបានចូលរួមយ៉ាងពេញលេញជាមួយរដ្ឋជាសមាជិកអនុញ្ញាអង្គការសហប្រជាជាតិ (UNCAC) ទាំងបើកទ្វារឱ្យរដ្ឋភាគីចូលមកត្រួតពិនិត្យ និងកម្ពុជា ចេញទៅចូលរួមត្រួតពិនិត្យរដ្ឋជាសមាជិកដូចគ្នា។

សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តលើអនុសញ្ញានេះ ក្នុងឆ្នាំ២០០៣ ដែលមានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងអនុសញ្ញានេះសរុបចំនួន ១៨៩ប្រទេសគិតត្រឹមឆ្នាំ២០២១។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ក្នុងគោលបំណង៖ ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ, លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ, បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ, កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។

យោងតាមអនុក្រឹត្យ, ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានលក្ខណៈឱឡារិក៕