(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី នៅថ្ងៃអាទិត្យ ទី២១ ខែសីហា បានជួបសំណេះសំណាលដោយផ្ទាល់ជា មួយសិស្សៗ ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងខេត្តឧត្តរមានជ័យ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេ។ ក្នុង ជំនួបផ្តល់កម្លាំងចិត្តនេះ លោក ស ថាវី បានប្រកាសផ្តល់រង្វាន់ម៉ូតូស៊េរីថ្មីមួយគ្រឿង ដល់សិស្សក្នុងខេត្តឧត្តរមានជ័យ ដែលដណ្តើមបាន និទ្ទេស A។
ក្នុងជំនួបជាមួយសិស្សដែលនឹងត្រូវប្រឡងនៅថ្ងៃចន្ទ ទី២២ ស្អែកនេះ លោក ស ថាវី បានថ្លែងជំរុញឲ្យបេក្ខជន បេក្ខនារី ត្រូវខិតខំយក ចិត្តទុកដាក់ឲ្យធ្វើយ៉ាងណាឲ្យការប្រលងទទួលបានលទ្ធផលល្អ ដើម្បីលើកស្ទួយកិត្តិយសគ្រួសារនិងសង្គមជាតិ។
លោក ស ថាវី ក៏បានរំលឹកផងដែរថា យុវជននៅក្នុងសម័យបច្ចុប្បន្ននេះ គឺមានឱកាសច្រើនសម្រាប់ការចាប់យកចំណេះដឹង ដែលខុស ឆ្ងាយពីយុវជនកាលពីជាង ៣០ឆ្នាំមុន ដែលបាត់បង់អស់នូវឱកាសចាប់យកចំណេះដឹងដោយសារត្រូវរស់ក្នុងរបបជិះជាន់និងបំបិទសិទ្ធិ គ្រប់បែបយ៉ាង ខណៈយុវជន យុវតីខ្លះទៀត ត្រូវជាប់រវល់ធ្វើសង្រ្គាម ដើម្បីរំដោះប្រទេសជាតិ។
លោក ស ថាវី បញ្ជាក់ដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍស្ទើរគ្រប់វិសយ័ ហើយប្អូនៗមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ ក្នុងការដើរហើរ និងសិក្សារៀនសូត្រ បើធៀបនិង របបខ្មែរក្រហមយុវជនប្រៀបបាននិងសត្វក្នុងការធ្វើកិច្ចការផ្សេងៗដោយមិនបានរៀនសូត្រនិងដើហើរទៅណានោះទេ ពោលគឺគ្មានសិទ្ធ សេរីភាពនោះទេ»។
ក្នុងកិច្ចសំណេះសំណាលនៅថ្ងៃនេះ លោក ស ថាវី ក៏បានឧបត្ថម្ភថវិកាដល់សិស្សៗ ដែលប្រឡងបាក់ឌុបនៅថ្ងៃចន្ទ ស្អែកនេះ ម្នាក់ៗ ៤០,០០០រៀល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡារខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សិស្សដែលត្រូវប្រលងយកសញ្ញាប័ត្របាក់ឌុបនៅ ខេត្តឧត្តរមានជ័យក្នុងឆ្នាំ២០១៦នេះ មានចំនួនសរុប ៨៦៦នាក់។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី២២ ខែសីហា ស្អែកនេះហើយ។ ការប្រឡងនេះ មានបេក្ខជនសរុប ៩៣,៧៥២នាក់ ស្រី ៤៥,២៣៧នាក់ ចែកចេញជា ១៥៧មណ្ឌល ស្មើនិង ៣,៧៨១បន្ទប់។
ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ។ បេក្ខ ជនដែលធ្វើបានពិន្ទុចាប់ពី ៩០ភាគរយ ដល់១០០ភាគរយ ទទួលនិទ្ទេស A, ពិន្ទុចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាន និទ្ទេស B ហើយពិន្ទុពី ៧០ភាគរយ ទៅ៨០ភាគរយ ទទួលបាននិទ្ទេស C៕