(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល ដែលក្នុងនោះមានអ្នករត់ម៉ូតូកង់បី (Pass App) អ្នកដឹកជញ្ជូន អាជីវករ សន្តិសុខ និងកម្មករជាដើម បានជួបជុំគ្នាហើយធ្វើសេចក្ដីថ្លែងការណ៍មួយ ប្តេជ្ញាចូលរួមជាមួយគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បានឲ្យដឹងថា កន្លងមកតំណាងក្រុមនីមួយៗទាំង ១៦ ផែន នេះ ភាគច្រើនពួកគាត់ជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ជាមួយសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារនាពេលកន្លងមក។
លោកបញ្ជាក់ថា តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ពួកគាត់បានប្តេជ្ញាគាំទ្រ ចូលរួមរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាពនានា ក្រោមដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវសិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ជាតិ និងអភិវឌ្ឍពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមនីមួយៗដែរមានសមាជិករាប់សិននាក់ បានធ្វើការអំពាវនាវដល់បណ្តាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សមាគម អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា និងបញ្ឈប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានផ្ដល់ប្រយោជន៍ដល់សង្គមជាតិ។
ជាចុងក្រោយ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដាក់គោលដៅនៅឆ្នាំ២០២៤ ដើម្បីប្រកាសបញ្ចូលសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បន្ថែមចំនួន ៥០០ នាក់ទៀត៕