(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ដឹងថា កម្លាំងនគរបាលរបស់លោក បានលបឆ្មក់បង្ក្រាបករណីល្បែងស៊ីសងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនអ្នកញៀនល្បែងបាន៦នាក់ ដកហូតបានម៉ូតូ១៤គ្រឿង និងមាន់៣ក្បាលផងដែរ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា ករណីបង្ក្រាបជនញៀនល្បែងទាំងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ផ្លូវរថភ្លើង ក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនោះ លោកបានដឹកនាំកម្លាំងនគរបាល បើកការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ។
លោក ទៀង ច័ន្ទសារ បានបន្តថា ជាក់ស្ដែងក្រោយពីបានស្រាវជ្រាវចំពោះសមាសសភាពក្រុមជល់មាន់ ដែលតែងតែចល័តទីតាំងតាមបណ្តាសង្កាត់ទាំង៦ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវកន្លងមក ទើបឈានដល់កំណត់បាននៅម៉ោងពេល និងទីតាំងផ្លាស់ប្តូរចល័តធ្វើសកម្មភាពជល់មាន់ រហូតបើកការបង្ក្រាបដោយមានការសម្របសម្រួលពី លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ប្រជាការពារសង្កាត់ព្រមទាំងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ហើយជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធល្បែងស៊ីសងចំនួន៦នាក់ មាន់ជល់ចំនួន៣ក្បាល និងម៉ូតូចំនួន១៤គ្រឿង។
លោក ទៀង ច័ន្ទសារ បានបន្តថា ក្រោយពីកិច្ចប្រតិបត្តិការ ត្រូវបានបញ្ចប់សមាសភាពខាងលើទាំង ៦នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងការអនុវត្តតាមនីតិវិធី៕