(កំពង់ឆ្នាំង)៖ យុវតីម្នាក់មានដំបៅលើដើមទ្រូង ១៤ឆ្នាំមកហើយ ព្យាបាលមិនជាសង្ស័យដំបៅមហារីក ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ និងរស់នៅក្នុងគ្រួសារក្រីក្រ គ្មានលទ្ធភាពព្យាបាល បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសប្បុរសជនមេត្តាជួយសង្គ្រោះដល់រូបនាង ដោយសារគ្រួសារនាងក្រីក្រ មិនមានលទ្ធភាពក្នុងការបង់ថ្លៃសេវាព្យាបាលនោះឡើយ។
ព្រោះតែក្រុមគ្រួសារនាងមានជីវភាពខ្វះខាតទើបនាង និងក្រុមគ្រួសារសំណូមពរដល់ថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជួយអនុគ្រោះថ្លៃព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីព្យាបាលឱ្យបានជានិងបន្តការសិក្សា។
យុវតីខាងលឿនឈ្មោះ ជា ធីតា អាយុ២០ឆ្នាំ អតីតសិស្សថ្នាក់ទី១២ ជាកូនស្រីពៅគេក្នុងចំណោមបងប្អូនបង្កើត១២នាក់ មានទីលំនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឪពុករបស់នាងជាអតីតយុទ្ធជនពិកា ម្ដាយបានស្លាប់ចោលនាង១១ឆ្នាំមកហើយ។
នាងបានប្រាប់ឲ្យដឹងថា ដំបៅលើខ្លួនរបស់នាងនេះដំបូងឡើយនាងបានរលាកទឹកក្តៅនៅលើដើមទ្រូងតាំងពីអាយុ៦ឆ្នាំ តែដំបៅនេះចេះតែក្លាយធំឡើងៗព្យាបាលមិនជារហូ តដល់បច្ចុប្បន្ននេះ។ កន្លងមកបងប្អូននាង បានជូនរូបនាងទៅពិនិត្យ និងព្យាបាលនៅតាមគ្លីនិកឯកជនជាច្រើននៅក្នុងខេត្ត និងមន្ទីរពេទ្យរដ្ឋជាច្រើនកន្លែង រួមមាន៖ មន្ទីរពេទ្យអង្គឌួង, មន្ទីរពេទ្យព្រះសង្ឃ, មន្ទីរពេទ្យរុស្ស៊ី, មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដំបៅនៅលើដើមទ្រូង របស់នាងគ្រាន់តែបានថមថយមួយរយៈមិនបានជាសះស្បើយនោះឡើយ។ ដែលមន្ទីរពេទ្យខ្លះថា ដំបៅនាងជាដំបៅមហារីក ហើយឥឡូវបានរាលដាលមកទងត្រចៀកខាងស្ដាំថែមទៀត ដោយមានអាការៈពើតចុកចាប់ ជារៀងរាល់ថ្ងៃធ្វើឱ្យពិបាកទ្រាំ។
ទាក់ទងនឹងសំណូមពរខាងលើនេះនឹងដោយមានការណែនាំពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមសកម្មជនយុវជនគណបក្សបាននាំរូបនាង ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំឲ្យក្រុមគ្រូពេទ្យជំនាញបច្ចេក ទេសដំបៅមហារីកជួយពិនិត្យ និងវាយតម្លៃស្ថានភាពនៃជំងឺរបស់នាងថាតើជាជំងឺអ្វីពិតប្រាកដ។
លោកវិជ្ជបណ្ឌិត យៀប គង់ គ្រូពេទ្យឯកទេសជំងឺមហារីកក្រោយពីបានត្រួតពិនិត្យដំបៅរបស់នាង និងធ្វើអេកូសាស្ត្រ ពិនិត្យផងនោះនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពដំបៅនៅលើដើមទ្រូង របស់អ្នកជំងឺជាទូទៅមានស្ថានភាពល្អ។ គ្រូពេទ្យក៏បានណែនាំឱ្យនាងបន្តទៅពិនិត្យព្យាបាលដំបៅនេះ នៅមន្ទីរពេទ្យខ្មែរសូវៀត ផ្នែកឯកទេសជំងឺដំបៅមហារីក គឺទៅជួបលោកវេជ្ជៈបណ្ឌិត អៀ ភារម្យ នៅអគារវះកាត់ C ដែលលោកមានឯកទេសច្បាស់លាស់អាចពិនិត្យព្យាបាលដំបៅនេះបាន។
បន្ទាប់ពីទទួលបានការណែនាំរបស់លោកគ្រូពេទ្យជំនាញខាងលើនេះ យុវតី ជា ធីតា និងក្រុមគ្រួសារគោរពស្នើសុំ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសម្ដេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មេត្តាជួយឧបត្ថម្ភថ្លៃសេវាព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជូននាងដោយក្តីអនុគ្រោះផង ដើម្បីផ្ដល់ឱកាសដល់រូបនាងបានបន្តការសិក្សាសម្រាប់អនាគតរបស់នាង និងក្រុមគ្រួសារជាបន្តទៀត។
ទាក់ទងនឹងករណីនេះដែរ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបានជួយឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់យុវតី ជា ធីតា ដើម្បីជាសោហ៊ុយធ្វើដំណើរ និងស្នាក់នៅព្យាបា លជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងក្រុងភ្នំពេញ បើមានការខ្វះ ខាតលោកនិងបន្តជួយឧបត្ថម្ភថែមទៀត។
នៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះដែរ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យលោក យិន សាវ៉េន អភិបាលរងខេត្ត ដឹកនាំក្រុម ការងារចុះសួរសុខទុក្ខនាង រួមទាំងក្រុមគ្រួសាររបស់នាង និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សប្បុរសជន មួយចំនួនឧបត្ថម្ភជូនគ្រួសាររបស់នាងផងដែរ។ដោយឡែកមន្ទីរសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទាខេត្ត ក៏បានឧបត្ថម្ភរទេះរុញ១គ្រឿងសម្រាប់បងស្រីបង្កើតរបស់នាងដែលស្វិត ជើងទាំងពីរដើរមិនរួច និងឈើច្រត់មួយគូរសម្រាប់ឪពុករបស់នាងដែលមានអាការៈស្ពឹកជើងទាំងសងខាងដើរមិនរួច៕