(ភ្នំពេញ)៖ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ បានប្រាប់សារព័ត៌មាន Fresh News ឱ្យដឹងថា ព្រះអង្គគ្រោងនឹងលើកយក បញ្ហានៅតំបន់ព្រៃឡង់ ដើម្បីចោទជាសំណួរដាក់ជូនរាជរដ្ឋាភិបាល នៅក្នុងវេទិការ «ការពារនិងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ នាវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ព្រះតេជគុណ បានមានសង្ឃដីកាថា ព្រះអង្គបានចុះទៅសិក្សានៅតំបន់ព្រៃឡង់ហើយបានរកឃើញថា មានក្រុមហ៊ុនមួយចំនួន ដែលទទួលបានសម្បទានដី សេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជានោះ នៅតែរំលោភបំពានលើកិច្ចសន្យា ដោយបានរំលោភយ៉ាងជ្រៅ ទៅក្នុងព្រៃឡង់ខុសពីទំហំដីដែលរដ្ឋផ្តល់ជូន។
ព្រះតេជោគុណ បានមានសង្ឃដីកាថា «អត្មាបានធ្វើការនៅព្រៃឡង់រយៈពេល២ឆ្នាំ ហើយអត្មាបានមើលឃើញបញ្ហាព្រៃឡង់នេះធំ ពេលនេះឱកាសល្អ គឺយើងបានអង្គុយនៅទល់មុខគ្នា»។ ព្រះតេជគុណ បន្ថែមថា «យើងមើលឃើញពីបញ្ហាព្រៃឡង់ ដែលធំជាងគេគឺបញ្ហាសម្បទានរបស់ក្រុមហ៊ុន ភីអេនធី និងក្រុមហ៊ុន ធីង៉ា ដែលវាទទីយកតំបន់ព្រៃឡង់ហ្នឹងធំ លើសចំនួនដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ។ នៅក្នុងផែនទី និងក្នុងកុងត្រាដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ តែ៨ពាន់ហិកតា ប៉ុន្តែពួកនោះយកដល់រាប់ម៉ឺនហិកតា»។
រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ វេទិកានេះ នឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានវាគ្មិនរដ្ឋមន្រ្តីចំនួន៤រូប។ ក្រៅពីនោះក៏មានការអញ្ជើញ ប្រជាសហគមន៍ ព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីមូលដ្ឋាន និងអ្នកពាក់ព័ន្ធប្រមាណ៧០០នាក់ចូលរួមផងដែរ។ វេទិកានេះនឹងអនុញ្ញាតឱ្យអ្នកចូលរួម ទាំងនោះចោទជាសំណួរ និងលើកឡើងអំពីចម្ងល់របស់ខ្លួនពាក់ព័ន្ធនឹងធនធានធម្មជាតិ ជូនរាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ពីលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន។
ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ខេត្តកំពង់ស្ពឺ កាលពីដើមខែមុន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ដល់សមត្ថកិច្ច អំពីការកាប់បំផ្លាញព្រៃឈើ និងអំពាវនាវដល់មន្រ្តី ប្រជាពលរដ្ឋ អង្គការសង្គម និងដៃគូទាំងអស់ រួមគ្នាថែរក្សាធនធមជាតិ ទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានហាមប្រជាពលរដ្ឋ និងអង្គការសង្គម ជៀសវាងការដើរតួនាទីជាមន្រ្តីមានសមត្ថកិច្ច ក្នុងការបង្រ្កាប បទល្មើសទាំងនោះ៕