(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំនាយ និងពលអាវុធត្ថខេត្តព្រះវិហារ ត្រូវយកចំណេះ ជំនាញរបស់ខ្លួន រួមគ្នាក្នុងការអនុវត្តជាក់ស្តែង អន្តរាគមន៍ និងបង្រ្កាបបទល្មើសនានានៅក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងណែនាំរបស់លោក គីម រិទ្ធី នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញ ស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាយ និងពលអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបទៀត។

បន្ថែមពីនេះលោក គីម រិទ្ធី បានកោតសរសើរនាយ និងពលអាវុធហត្ថខេត្តព្រះវិហារ ជាសិក្ខាកាមទាំងអស់ ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន ក្នុងការបំប៉នការងារអប់រំចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវបង្ក្រាបបទល្មើសប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្តនាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើ និងជំរុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តជាក់ស្តែងក្នុងការងារ អន្តរាគមន៍ បង្ក្រាបបទល្មើសនានា ដែលកើតមាននូវក្នុងខេត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ ពិសេសត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីកសាងបាននូវស្ថាប័ន មួយដ៏រឹងមាំ ក្នុងការបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននាពេលនេះមានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់ក្នុង នោះស្រី០៥ នាក់។

វគ្គហ្វឹកហ្វឺននេះមានគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង បន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់និងជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើអោយនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិការ ការងារ និងអត្តចរិតស្លូតត្រង់៕