(កណ្តាល)៖ ពលរដ្ឋក្នុងភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសម្ដែងនូវក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានមន្ទីររៀបចំដែនដីខេត្ត អាជ្ញាធរក្រុង និងប្រធានការិយាល័យសូរិយោដី ក្រុងអរិយក្សត្រ ដែលបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីចំនួន៤៨៤ក្បាលដី ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុង រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី១៩ ខែធ្នូ ដោយគិតទាំងថ្ងៃឈប់សម្រាកផងដែរ។ ក្រោយពីការបិទផ្សាយនេះ សូមម្ចាស់ដីទាំងអស់ត្រូវទៅពិនិត្យមើលឲ្យបានគ្រប់គ្នា។
លោកបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីធ្លី ពិសេសទៀតនោះបានធ្វើឲ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
ជាមួយគ្នានេះ លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ។
ក្នុងឱកាសនោះ លោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូន ជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដី ដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។
លោកអភិបាលរងក្រុង បានធ្វើការក្រើនរំលឹកដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋត្រូវបន្តការយកចិត្តទុកដាក់ ចូលរួមសហការឲ្យបានល្អថែមទៀត ដើម្បីជំរុញឲ្យការអនុវត្តនី តិវិធី នៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។
លោក សូ ច័ន្ទរិទ្ធ ប្រធានការិយាល័យសូរិយោដីក្រុងអរិយក្សត្រ បានប្ដេជ្ញាដឹកនាំក្រុមការងាររបស់លោក បម្រើពលរដ្ឋឲ្យអស់ពីចិត្ត ប្រកបដោយស្នាមញញឹម និងធ្វើប្លង់រឹងជូនពលរដ្ឋក្រុងអរិយក្សត្រ ឲ្យបានឆាប់រហ័សអស់ពីសមត្ថភាព៕