(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិបរទេស១២នាក់ ពីបទ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់» បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួនកាលពីពេលកន្លងទៅ នៅខណ្ឌជ្រោយចង្វារ។ នេះបើតាមលោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យជាជនជាតិបរទេសទាំង១២នាក់នេះ ក្នុងនោះមានជនជាតិបង់ក្លាដែស១១នាក់ និងនេប៉ាល់ម្នាក់។ ការចោទប្រកាន់នេះ ធ្វើឡើងតាមបញ្ញត្តិមាត្រា២៥៣ និងមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាច្រើននាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចុះទៅធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យជាច្រើននាក់ នៅផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការរំដោះជនរងគ្រោះចំនួន២នាក់ ជាជនជាតិបង់ក្លាដែស។ ក្រោយកសាងសំណុំរឿងបានបញ្ចប់ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕