(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួន អាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានា ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលយកបទពិសោធន៍ នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោកសំ ហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង ក្រោមអធិបតីភាព និងសក្ខីភាព របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុម ប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នារសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើង ក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងផ្តល់ឲ្យសមាជិករបស់យើងនូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ»

លោកបន្តថា អនុស្សរណៈនេះ មានគោលបំណងសិក្សាស្វែងរកឱកាស ក្នុងការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅដល់សមាជិក ស.ស.យ.ក ក្នុងការជួយសម្របសម្រួល កម្មសិក្សានៅធនាគារវីង ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើម ដើម្បីជួយទៅដល់យុវជនជាច្រើនផ្សេងទៀត។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «អនុស្សរណៈនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយពង្រឹងសមត្ថភាពទៅដល់់យុវជនកម្ពុជាផងដែរ។ យើងខ្ញុំមានទំនុកចិត្តថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នារបស់យើងនាពេលនេះ យើងនឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានសមត្ថភាពរឹងមាំ»

កិច្ចសហការរវាង ធនាគារវីង និង ស.ស. យ.ក គឺជាកម្លាំងសាមគ្គីដោយឈរលើចក្ខុវិស័យរួម តាមរយៈការប្រើប្រាស់ជំនាញ ការនៃស្ថាប័នទាំងពីរ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍ឲ្យបានកាន់តែប្រសើរឡើង។ ស.ស.យ.ក មានការប្តេជ្ញាចិត្ត ក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹង និងជំនាញចាំបាច់នានា ដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ក្នុងការជួយរក្សានិរន្តរភាពសមិទ្ធផលកន្លងមក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។

ទន្ទឹមគ្នានេះ ធនាគារ វីង ត្រូវបានជំរុញដោយការតាំងចិត្តរបស់ខ្លួន ក្នុងការធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបមានភាពងាយស្រួល ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ ហើយអាចជួយសម្រួល ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឲ្យបានកាន់តែប្រសើរ៕