(កោះកុង)៖ សាលាបឋមសិក្សាភូមិសុខសាន្ត បានសម្ពោធនូវសមិទ្ធផលមួយចំនួន គិតជាទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ ក្រោមជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សប្បុរសជន ជនជាតិកូរ៉េ ដែលមានឈ្មោះថា «រ៉ូថារី អន្តរជាតិ តំបន់ 3730»

ពិធីនេះត្រូវបានរៀបចំ និងប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង លោក Ha Myung Ho អភិបាល រ៉ូថារី អន្តរជាតិ តំបន់3730 ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង លោកអធិការ នៃអធិការដ្ឋាននគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង អង្គភាពចំណុះឱ្យរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងភូមិសុខសាន្ត សរុបចំនួន ៣៥០ នាក់ កាលពីចុងខែវិច្ឆិកាថ្មីៗនេះ។

អំណោយ របស់រ៉ូថារី អន្តរជាតិ តំបន់ 3730 ចំនួន ៥គម្រោង ដូចជា ១៖សាងសង់ខ្លោងទ្វារ, ២៖ សាងសង់បន្ទប់ទឹក, ៣៖ ចួលរួមសាងសង់បង្ហើយបណ្ណាល័យ, ៤៖ ជួសជុលមត្តេយ្យសិក្សាសហគមន៍, ៥៖ សាងសង់តារាងបាល់ទាត់ខ្នាតតូច គិតជាទឹកប្រាក់សរុប ៣០០០០ ដុល្លារអាមេរិក និងបានឧបត្ថម្ភសម្ភារៈសិក្សា សម្ភារៈការិយាល័យជាច្រើនទៀត ចំនួន៣តោនកន្លះ ដល់សាលារៀន និងរដ្ឋបាលក្រុងកោះរ៉ុង។

ការឧបត្ថម្ភអំណោយនាពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីចូលរួមចំណែកគាំទ្រវិស័យអប់រំ ក៏ដូចជាការសិក្សារបស់សិស្សានុសិស្សនៅក្រុងកោះរ៉ុង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោក Ha Myung Ho អភិបាល រ៉ូថារី អន្តរជាតិ តំបន់3730 តំណាងឱ្យរ៉ូថារី កូរ៉េ និងកម្ពុជា ចំនួន ១៨៤នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ បានសម្តែងនូវសេចក្តីរំភើបរីករាយ ជូនដល់ប្រជាពលរដ្ឋក្រុងកោះរ៉ុង នាពិធីដ៏មានសារៈសំខាន់នេះ នូវការកសាងសមិទ្ធផលថ្មី នៅលើទឹកដីក្រុងកោះរ៉ុង ពិតជាបង្ហាញនូវសាមគ្គីភាព ភក្តីភាព ការស្រលាញ់រាប់អាន ដែលមិនអាចកាត់ថ្លៃបាន ក្នុងន័យធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងបន្តការជួយឧបត្ថម្ភទ្រទង់សកម្មភាពសប្បុរសធម៌ដ៏មានតម្លៃនេះ នាពេលអនាគត។

ក្នុងឱកាសនេះ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Ha Myung Ho អភិបាល រ៉ូថារី អន្តរជាតិ តំបន់3730 ដែលបានឧបត្ថម្ភអំណោយទាំងនេះ ក្នុងគោលបំណងជួយលើកកម្ពស់ និងជំរុញដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

លោកអភិបាលក្រុងបានមានប្រសាសន៍បន្ថែមទៀតថា លោកនឹងរក្សាទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ របស់ រ៉ូថារី អន្តរជាតិ តំបន់3730 ជាមួយរដ្ឋបាលក្រុង និងប្រជាពលរដ្ឋទាំងពីរ ក្រុងកោះរ៉ុង និងកូរ៉េ។ លោកអភិបាលក្រុងក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោក Ha Myung Ho និងបានកោតសរសើរនូវទឹកចិត្តដ៏ល្អបរិសុទ្ធ ក្នុងការដឹកនាំក្រុមការងារជួយដល់កុមារនៅក្រុងកោះរ៉ុង។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធសមិទ្ធផលសាលាបឋមសិក្សាសុខសាន្ត ក្នុងនោះក៏មានកិច្ចជំនួបពិភាក្សាសំខាន់ រវាងគណៈអភិបាលក្រុងកោះរ៉ុង ជាមួយថ្នាក់ដឹកនាំ រ៉ូថារី កម្ពុជា ផ្តោតចម្បងលើវិស័យសុខាភិបាល ដែលក្រុងកោះរ៉ុងកំពុងជួបប្រទះការខ្វះខាត នូវសម្ភារៈបរិក្ខាពេទ្យជាចាំបាច់។

លោកអភិបាលក្រុង បានលើកឡើងនូវសំណូមពរ ៥ចំណុចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ រ៉ូថារី កម្ពុជា ដែលជាតម្រូវការមិនអាចខ្វះបាន សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្រុងកោះរ៉ុង រួមមាន ១៖ រថយន្តសង្គ្រោះបន្ទាន់, ២៖ ម៉ាស៊ីនតេស្តរកមេរោគក្នុងឈាម, ៣៖ ឧបករណ៍សម្រាប់សង្គ្រោះទារកមិនទាន់គ្រប់ខែ, ៤៖ ម៉ាស៊ីនអេកូសាស្ត្រសម្រាប់ពិនិត្យស្ត្រីមានផ្ទៃពោះ និង៥៖ ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺទូទៅ។

ដើម្បីឆ្លើយតបនឹងសំណូមពរខាងលើ ថ្នាក់ដឹកនាំ រ៉ូថារី កម្ពុជា បានសន្យាថានឹងស្វែងរកជំនួយពីសប្បុរសជនដែលមានបំណងក្នុងការបរិច្ចាគធនធានជួយទ្រទង់ដល់វិស័យសុខាភិបាល ក្នុងក្រុងកោះរ៉ុង ក៏ដូចជាធ្វើឱ្យវិស័យមួយនេះរីកចម្រើន សម្រាប់បម្រើសេវាសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ លោកអភិបាលក្រុងតំណាងឱ្យប្រជាពលរដ្ឋក្រុងកោះរ៉ុង បានថ្លែងអំណរគុណ រ៉ូថារី កម្ពុជា ចំពោះការជួយគាំទ្រវិស័យសុខាភិបាល និងបានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការសហការជាមួយរដ្ឋបាលក្រុង ដើម្បីជំរុញឱ្យវិស័យមួយនេះកាន់តែជឿនលឿនទៅមុខ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕