(សៀមរាប)៖ លោកស្រី អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីអាស៊ាន ដែលឆ្នាំនេះ កម្ពុជាជាម្ចាស់ផ្ទះនោះ កាលពីថ្ងៃទី៣ និងទី៤ ខែឆ្នូ ឆ្នាំ២០២៣នេះ បានរៀបចំ ដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ បណ្តាញសហគ្រិស្រ្តីអាស៊ានលើកទី១៥ ដែលកម្មវិធីនេះ មានការអញ្ជើញ ចូលរួមមកពីតំណាងក្រសួងកិច្ចការនារី និងសមាជិកមកពី១០ ប្រទេស គឺរៀបចំឡើងនៅទឹកដីអង្គរជាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដ៏អស្ចារ្យរបស់កម្ពុជា ។

លោកស្រី អេង លីគង់ បានថ្លែងថា កិច្ចប្រជុំសហគ្រិនស្ត្រីអាស៊ានលើកទី១៥នេះ គឺកម្ពុជាយើងជាប្រធានកិច្ចប្រជុំ នេះជាមោទន:ភាពនិងកិត្តិយសដ៏ធំធេងបំផុត របស់ប្រទេសកម្ពុជាយើង ដែលយើងអាចមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដឹកនាំដោះស្រាយបញ្ហារបស់ស្រ្តី មិនត្រឹមតែនៅប្រទេសកម្ពុជាយើងទេ តែដល់ប្រទេសក្នុងតំបន់អាស៊ានទាំងមូល ថែមទៀត។

សូមបញ្ជាក់ថា បើទោះបីជាយើងដល់វេនត្រូវបន្តជាម្ចាស់ផ្ទះក៏ដោយ បើយើងមិនអាចបំពេញបានតាមលក្ខខណ្ឌទាំងអស់ដែលបានចែងក្នុងលក្ខន្តិកៈ របស់បណ្តាញសហគ្រិន ស្រ្តីអាស៊ាន ( AWEN 's TOR) នោះទេ គេនឹងសំរេចដោយការបោះឆ្នោតដូរប្រទេស ជាម្ចាស់ផ្ទះ។

លោកស្រីប្រធាន បានបញ្ជាក់ថា AWEN តំណាងឲ្យសំលេងស្រ្តី វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំនេះ ពិភាក្សាអំពី៖

១៖ បន្តសកម្មភាព ដែលមានកន្លងមក។
២៖ ពង្រីកបន្ថែម សកម្មភាពស្នូល តាមផែនការណ៍យុទ្ធសាស្ត្រ ដែលបានចែងរួច។
៣៖ ពង្រីកសមាជិកភាព និង តភ្ជាប់ពីដំបន់ដល់អន្តរជាតិ។
៤៖ ពង្រឹងគោលនយោបាយ និង ការអនុវត្ត។

លោកស្រីប្រធាន បានបន្ថែមថា បណ្ដាញសហគ្រិនស្ត្រីអាស៊ាន ត្រូវបានបង្កើតឡើងទទួលស្គាល់ និងអនុម័តលើលក្ខន្តិកៈ ដោយ គណៈកម្មការស្ត្រីអាស៊ាន ( ASEAN Committee on Women , ACW) ក្នុងកិច្ចប្រជុំ របស់ ACW លើកទី១១ ថ្ងៃ ១៦ - ១៧ ខែតុលា ឆ្នាំ២០១២ នៅប្រទេសទ្បាវ។

ប្រទេសម្ចាស់ផ្ទះដំបូងគឺ ប្រទេសវៀតណាម បន្តមកហ្វីលីពីន ថៃ ឥណ្តូនេស៊ី និង កម្ពុជា បន្តជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

សម្រាប់សហគ្រិនមកពីប្រទេសវៀតណាម បានបញ្ជាក់ក្រោយកិច្ចប្រជុំថា លោកស្រីសង្ឃឹមថា បន្ទាប់ពីការដាក់ផែនការ និងយុទ្ធសាស្ត្រផ្សេងៗ បណ្តាញសហគ្រិនស្រ្តី ដែលដឹកនាំដោយលោកជំទាវ អេង លីគង់ ជាម្ចាស់នេះ គឺ យើងមើលឃើញពីឱកាសរបស់ ម្ចាស់អាជីវកម្ម នៅក្នុងតំបន់អាស៊ាននឹងមានការរីកចម្រើន និងជោគជ័យឆ្ពោះទៅមុខជាមិនខាន ជាមួយនិងការវិវត្តថ្មីៗបន្ថែមទៀត។

កម្មវិធីផ្ទេរតំណែងប្រធានពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាបានធ្វើទ្បើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងហ្សាការតា ក្រោមអធិបតីភាពលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AWEN ភ្ជាប់ជាមួយនឹងកម្មវិធីផ្ដល់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន ដែលពេល នោះ កម្ពុជាមាន ស្ត្រីចូលរួម២៩រូប ទទួលពាន ១៥រូប៕