(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីសប្ដាហ៍កន្លងទៅ នៅត្រង់ចំណុចបុរីវិមានភ្នំពេញ ផ្លូវលេខ៧៧៧ ក្រុមទិ៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេង ហ៊ាង អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដោយឡែក ជនសង្ស័យទាំង២នាក់ឈ្មោះ ឃុប ឈុនហាក់ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ មុយ តុលា អាយុ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។

សូមជម្រាបថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IA-9197 ស៊េរីឆ្នាំ២០១៩ មកកន្លែងធ្វើការនៅចំណុចកើតហេតុ ដោយបានទុកម៉ូតូនៅខាងមុខផ្ទះ និងបានចាក់សោរត្រឹមត្រូវ ហើយចូលទៅធ្វើការក្នុងផ្ទះនោះបាត់ទៅ បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ បានមកធ្វើសកម្មភាពយកដែកសំប៉ែតចុងស្រួច កាច់កយកម៉ូតូនោះបានសម្រេចគេចខ្លួនបាត់ទៅ។

ក្រោយមកជនរងគ្រោះបានឡើងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងបាននៅចំណុចបុរីវិមានភ្នំពេញ ផ្លូវ៧៧៧ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងនីតិវិធីចាត់ការតាមផ្លូវច្បាប់។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1L-3429, ផ្លាកលេខម៉ូតូចំនួន១ (សៀមរាប 1AL-9871), ដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន១, សោរខ្សៀលេខ៨ ចំនួន១, ដង្កាប់ចំនួន២, ទូឡឺវីសចំនួន១, សោរម៉ូតូចំនួន១, ទូរស័ព្ទ អិនចុចពិលចំនួន១គ្រឿង និងសោរចិញ្ចៀនមួយចំនួន៕