(ហាណូយ)៖ ព្យុះទីហ្វុង Dianmu បានវាយប្រហារភាគខាងជើងប្រទេសវៀតណាមនៅសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្ស ០៧នាក់ស្លាប់ និង ០២នាក់រងរបួស ខណៈដែលវាបាន ថមថយឥទ្ធិពលទៅវិញ នៅព្រឹកថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ អាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦។
គណកម្មាធិការគ្រប់គ្រង និងការពារពេលមានគ្រោះមហន្តរាយវៀតណាម បានប្រាប់ឲ្យដឹងថា ព្យុះទីហ្វុង ខាងលើនេះបានបង្កជាការបាក់ដី និងទឹកជំនន់ ដោយសារតែមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់បោកបក់ ខ្លាំងកាលពីល្ងាចថ្ងៃសុក្រ ហើយបានបន្ថយឥទ្ធិពលទៅជាសម្ពាធទាបត្រូពិច នៅព្រឹកថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ព្យុះកំណាចទី៣ប្រចាំឆ្នាំ ២០១៦ ដែលបានវាយប្រហារប្រទេសវៀតណាម ភាគខាងជើង នេះបានបណ្តាលឲ្យលំនៅឋាន ៤៤ខ្នងបាក់រលំ, ៦៥១ខ្នងរងការខូចខាត, ១,៥១១ខ្នងត្រូវទឹកលិច, និង ផ្ទះ ២,១៥៤ខ្នងទៀត អាជ្ញាធរកំពុងតែត្រៀមជម្លៀស ប្រជាជនចេញជាបន្ទាន់។
បន្ថែមពីលើការខូចខាតខាងលើនេះ គឺដំណាំស្រូវ ៨,៨៤៣ហិកតារងការលិចលង់ រួមនឹងដំណាំចំរុះ ១,១៨៩ហិកតាទៀត ខណៈសត្វគោ ៦១ក្បាល និង បក្សី ១,៨៩៥ក្បាលបានងាប់ និង រសាត់ទៅតាមទឹក។ ព្យុះទីហ្វុងនិងទឹកជំនន់ក៏បានបោកបក់ស្ពាន ១៤កន្លែង និង បង្គោលភ្លើង ៦៣ដើម យកទៅជាមួយផងដែរ៕