(ភ្នំពេញ)៖ ជំនួសមុខឲ្យថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូន ភ្នាក់ងារសន្តិសុខឯកជន ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាស ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ កន្លងមកនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥៥ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះភ្នាក់ងារសន្តិសុខឯកជន ដែលបានយកចិត្តទុកដាក់បំពេញបេសកកម្មមួយនេះ ឲ្យទទួលបានជោគជ័យជាទីមោនៈ ប្រកបដោយសន្តិសុខ សុវត្ថិភាព ពេញលេញ និងសណ្តាប់ធ្នាប់ល្អ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី វិស័យសន្តិសុខឯកជន គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយវិស័យសន្តិសុខឯកជននេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
លោកបន្ដថា ដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ។
មួយវិញទៀត ភ្នាក់ងារសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន ហើយត្រូវមានកិច្ចសហការល្អជាមួយសមត្ថកិច្ចមូលដ្ឋាន។
ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាលឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ច។ នេះជាលើកទី៥៥ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើ ប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការ អនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិទាំងមូល៕