(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អំពាវនាវឱ្យផលិតករក្នុងវិស័យ SME និងវាយនភណ្ឌ សម្លៀកបំពាក់ ចូលរួមទស្សនា និងស្វែងយល់ ពីការតាំងពិព័រណ៍ឧស្សាហកម្ម គ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៦ (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៦ (CTG)។

តាមការឱ្យដឹងពីមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថាការអំពាវនាវនេះ គឺក្នុងគោលបំណងជំរុញ ធ្វើយ៉ាងណាឱ្យផលិតករ ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងវាយនភណ្ឌសម្លៀកបំពាក់ មានឱកាសអាចសិក្សាស្វែងយល់ និងទទួលបាននូវចំណេះដឹង នានាទាក់ទងនឹងគ្រឿងម៉ាសីុន និងបរិក្ខាបច្ចេកទេសទំនើបៗ ជាច្រើនប្រភេទ ដើម្បីយកទៅអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពក្នុងខ្សែ សង្វាក់ផលិតកម្ម នៅតាមរោងចក្រ និងសហគ្រាសរបស់ខ្លួន សម្រាប់ការប្រកួតប្រជែងទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

គួរបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៦ (The 6th Cambodia International Machinery Industry Fair - CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៦ (The 6th Cambodia International Textile & Garment Industry Exhibition - CTG) នេះគឺជាការរៀបចំរបស់ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd ក្រោមកិច្ចសហការ និងគាំទ្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃ២៦-២៩ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ ដោយមានការតាំងបង្ហាញ នូវផលិតផលឧស្សាហកម្មគ្រឿងយន្ត ដូចជាគ្រឿងម៉ាសីុន និងបរិក្ខាបច្ចេកទេសនានា ដែលបម្រើដល់វិស័យឧស្សាហកម្មធុនធ្ងន់ វិស័យសហគ្រាស ធុនតូច និងមធ្យម (SME) វិស័យកាត់ដេរ វិស័យសំណង់ វិស្វកម្មអេឡិចត្រូនិក ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបោះពុម្ព វិស័យធនធានទឹក វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងការប្រកបអាជីវកម្មផ្សេងៗ ព្រមទាំងការរស់នៅប្រចាំថ្ងៃផងដែរ៕