(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំមកពីស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្ដាន់ នៅទីស្នាក់ការគណបក្សស្រុកប្រាសាទសំបូរ។

នាឱកាសនោះដែរ លោក ជា ចាន់តូ បានថ្លែងថា តម្លៃសន្តិភាព គឺមិនមានអ្វីមកប្រៀបធៀបបានឡើយ ហើយសម័យនេះយុវជន ពិតជាមានសំណាងដោយសារតែពួកគាត់កើតឡើងក្នុងប្រទេសដែលមានសុខសន្តិភាព ក៏ប៉ុន្តែសម័យមុនអ៊ុំ ពូ មីង បានឆ្លងកាត់រួចហើយគឺវាមានការលំបាកណាស់ ដោយប្រទេសជាតិស្ថិតនៅក្នុងសង្គ្រាម និងការបែងចែកតំបន់នៅឡើយ។ ដូច្នេះ យើងត្រូវថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត។

លោកបានបញ្ជាក់ថាមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា បានដាក់នៅគោលការណ៍សំខាន់ៗចំនួន៣ គឺទី១៖ រក្សាការពារ ប្រឆាំងដាច់ខាតការប្រមាថអង្គព្រះមហាក្សត្រពីព្រោះព្រះមហាក្សត្រ តំណាងឱ្យសន្តិភាព, ទី២៖ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារប្រជាធិបតេយ្យសេរីពហុបក្ស និងទី៣៖ កំចាត់ឬសគល់ពួកជ្រុលនិយមដែលជាដើមហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិស្ថេរភាពនយោបាយ ពិសេស គឺតម្លៃនៃសន្តិភាពអ្វីដែលមើលឃើញជាក់ស្ដែងដោយសារមនោគមន៍ជ្រុលនិយមហួសហេតុ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មហាលោតផ្លោះមហាអស្ចារ្យបានធ្វើឱ្យប្រទេសជាតិទទួលរងនូវផលវិបាករហូតមកដល់សព្វថ្ងៃ ហើយសម្ដេចតេជោ បានលើកឡើងថា «មានសន្តិភាពវាស្រួលហើយប៉ុន្តែទម្រាំបានសន្តិភាពយើងត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ ហើយការបែកបាក់វាងាយស្រួលទេ តែការបង្រួបបង្រួមវាជាការលំបាក» សន្តិភាពនេះធ្វើឱ្យប្រទេសមានមុខមាត់លើឆាកអន្តរជាតិ ប្រជាជនកម្ពុជារស់នៅដោយសុខដុមរមនា សូម្បីតែប្រទេសអឺរ៉ុប ដែលមានការអភិវឌ្ឍរីកចម្រើនគឺដោយសារសន្តិភាពនេះឯង។

លោកបន្ថែមទៀតថា ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដែលជាបញ្ហាអាទិភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដែលបញ្ហាអាទិភាពនេះ គឺទាមទារនៅសន្តិភាពនេះឯង ដូចនេះហើយត្រូវតែខិតខំថែរក្សាវាឱ្យបានល្អព្រោះដឹងហើយភ្លើងអាចឆេះរីករាលដាលបានវាក៏កើតពីភ្លើងតូចមួយ ដែលទាមទារឱ្យអាជ្ញាធរគ្រប់ឃុំ ស្រុក ត្រូវពិនិត្យតាមដានឱ្យបានល្អិតល្អន់ហើយត្រូវពន្លត់ភ្លើងដល់តូចនោះឲ្យបានទាន់ពេលវេលាដើម្បីកុំឱ្យវារីករាលដាលឡើងក៏កើតជាកម្លាំងប្រឆាំងជាមួយនឹងរដ្ឋាភិបាល។

លោកបញ្ជាក់បន្ថែមថា តម្លៃនៃសន្តិភាពនេះ គឺផ្ដើមចេញពីមគ្គទេសដ៏ឆ្នើមគឺសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានធ្វើឲ្យខ្មែរទាំងមូលបានរួមរស់ជាមួយគ្នាបានដោយផ្ដោតទៅលើចំណុចសំខាន់៣ ទី១៖ រក្សាធានាអាយុជីវិត ទី២៖ រក្សាធានាទ្រព្យសម្បត្តិ និងទី៣៖ រក្សាឱ្យបាននូវអាជីពការងាររៀងៗខ្លួន។ ទាំងនេះគឺអ្វីដែលជានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

លោក ជា ចាន់តូ ក៏ជំរុញឱ្យក្រុមការងារសមាជិកក្រុមប្រឹក្សាឃុំស្រុកទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសថែទាំសុខភាពឱ្យបានរឹងមាំ ព្រមទាំងសំណូមពរដល់ក្រុមប្រឹក្សាគណបក្សដែលមានវ័យក្មេងខិតខំអភិវឌ្ឍន៍សមាសភាពខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត ព្រោះពួកយើងនេះហើយជាយុវជនបន្តវេននៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថា នាឱកាសនោះដែរ លោក ជា ចាន់តូ បានឧបត្ថម្ភថវិកា សមាជិកក្រុមប្រឹក្សាឃុំនីមួយៗ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងអាវរងារ១ផងដែរ៕