(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ACU នឹងផ្សព្វផ្សាយប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងឱកាសទិវាអន្តរជាតិ និងទិវាជាតិ ៩ ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកោះពេជ្រ។

ការឱ្យដឹងបែបនេះ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីសមិទ្ធផលការងាររបស់ ACU សម្រេចកន្លងមក និងការអបអរសាទរជាខួបទី២០ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ដែលនឹងប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ «សកលលោករួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីការអភិវឌ្ឍ សន្តិភាព និងសន្តិសុខ»។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង «រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែងនៅក្នុងចំណុចជាច្រើនទាំងក្នុងកម្មវិធីនយោបាយ ទាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយយើងខ្ញុំនឹងគិតថាស្អែកផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត ជូនដល់ប្រជាជនយើងនៅក្នុងឱកាសទិវាអន្តរជាតិ និងទិវាជាតិ ៩ធ្នូ»។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អ្វីដែលជាបំណងប្រាថ្នារបស់លោកនោះ គឺបន្តផ្សព្វផ្សាយសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយនេះឱ្យបានទូលំទូលាយ ពីព្រោះសារនេះគឺជាឯកសារមួយយ៉ាងសំខាន់សម្រាប់គ្រប់ស្ថាប័ន និងគ្រប់ផ្នែកទាំងវស័យសាធារណៈ និងវិស័យឯកជន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេសលើការងារផ្តល់សេវាសាធារណៈ៕