(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុននេះ គឺជាខួបទី២០ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ «សកលលោករួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីការអភិវឌ្ឍ សន្តិភាព និងសន្តិសុខ»

ជាមួយគ្នានេះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីបង្ហាញពីសមិទ្ធផលការងាររបស់ ACU កម្ពុជា បានសម្រេចកន្លងមក។

សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តលើអនុសញ្ញានេះ ក្នុងឆ្នាំ២០០៣ ដែលមានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងអនុសញ្ញានេះសរុបចំនួន ១៨៩ប្រទេសគិតត្រឹមឆ្នាំ២០២១។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ក្នុងគោលបំណង៖ ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ, លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ, បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ, កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។

យោងតាមអនុក្រឹត្យ, ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ របស់រាជរដ្ឋាភិបាលកម្ពុជា អ.ប.ព. ទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានលក្ខណៈឱឡារិក៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់ថ្នាក់ដឹកនាំ ACU៖