​(ភ្នំពេញ)៖ សហព័ន្ធស្វាយចន្ទីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME Bank) បានចុះអនុស្សារណៈយោគយល់ ផ្តល់ភាពងាយស្រួល​ក្នុងការផ្តល់ឥណទាន ដល់សហគ្រាសកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បី​ជំរុញការកែច្នៃស្វាយចន្ទីនៅកម្ពុជា ឱ្យកាន់តែប្រសើរជាងមុន ​សម្រាប់នាំចេញទៅក្រៅប្រទេស ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសដែលជាសមាជិក នៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការដាំដុះ និងកែច្នៃស្វាយចន្ទី តាមរយៈបានដាក់ចេញនូវគោលនយោបាយជាតិស្វាយចន្ទី ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន ២៥% នៃ១លានតោននៅឆ្នាំ២០២៧ និងឱ្យបាន ៥០%នៃ១លានតោននៅឆ្នាំ២០៣២។

តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលបានជំរុញនិងលើកទឹកចិត្តដល់សហព័ន្ធស្វាយចន្ទីឱ្យធ្វើយ៉ាងណា សហការជាមួយស្ថាប័នរដ្ឋ និងដៃគូរអភិវឌ្ឍន៍ ក្នុងការជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន​ច្រើន ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅទីផ្សារក្រៅប្រទេស។

លោកបានឱ្យដឹងថា ទីផ្សារគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា មានភាពទូលំទូលាយ​ ជាពិសេសនៅអាមេរិក អឺរ៉ុប ជប៉ុន ចិនជាដើម​ ដែលនេះគឺជាឱកាសមួយសម្រាប់កម្ពុជាជ្រៀតចូលទីផ្សារទាំងនោះ។ តែយ៉ាងណា ការកែច្នៃរបស់កម្ពុជានាពេលបច្ចុប្បន្ននេះនៅមានកម្រិត ហើយការកែច្នៃមួយចំនួនមិនទាន់មានស្តង់ដារអាចឈានទៅនាំចេញបាន។

លោកបានលើកឡើងថា ​បញ្ហាចម្បងរបស់សហគ្រាសកែច្នៃស្វាយចន្ទីនៅកម្ពុជា គឺខ្វះទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទីស្រស់មកហាលនិងស្តុកទុកសម្រាប់កែច្នៃ។

លោកបន្តថា «រោងចក្រមួយចំនួនគាត់ មានសមត្ថភាពអាចកែច្នៃបាន១ពាន់តោន ២ពាន់តោន ឬ៥ពាន់តោនជាដើម ប៉ុន្តែគាត់អត់មានលទ្ធភាពទៅទិញស្វាយចន្ទីស្រស់៥ពាន់តោនមកកែច្នៃសម្រាប់ការនាំចេញទេ។ ដោយសារតែការប្រមូលទិញស្វាយចន្ទីភាគច្រើនមានតែ២ខែទេ គឺនៅខែមីនា និងខែមេសា។ ហេតុនេះបើសិនជាយើងអត់មានលុយទិញ៥ពាន់តោនសម្រាប់​ដំណើរការក្នុងរយៈពេល១ឆ្នាំ​ ហើយគ្រាប់ស្វាយចន្ទីយើង នឹងត្រូវបានហូរចេញទៅប្រទេសជិតខាង។នេះគឺជាចំណុចសំខាន់។ កត្តារាំងស្ទះមួយទៀត គឺអ្នកទិញតម្រូវឱ្យទាល់តែទំនិញដល់ដៃ ទើបបង់លុយឱ្យ។»

តាមរយៈ MOU រវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និង ធនាគារ SMEនេះ ធនាគារ SMEនឹងផ្តល់ឥណទានដល់សហគ្រាសកែច្នៃស្វាយចន្ទី ដែលជាសមាជិករបស់សហព័ន្ធស្វាយចន្ទី ក្នុងអត្រាការប្រាក់ទាប ៥.២៥%ក្នុងមួយឆ្នាំ និងសម្រាប់សហគ្រិនជាស្រី្ត​ ៥% ក្នុងមួយឆ្នាំ ដើម្បីសហគ្រាសទាំងនោះ ​មានទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទីស្រស់មកកែច្នៃ និងទុនមួយចំនួនទៀតសម្រាប់​យកទៅពង្រឹងការកែច្នៃរបស់ខ្លួនឱ្យកាន់តែមានស្តង់ដារត្រឹមត្រូវ អាចនាំចេញបាន។ លើសពីនេះទៅទៀត ធនាគារ SMEក៏នឹងបន្ធូបន្ថយទ្រព្យបញ្ចាំ ដោយយកទាំងប្លង់រឹងនិងប្លង់ទន់ ហើយអាចផ្តល់កម្ចីរហូតដល់៧០%ទៅ៨០%នៃទ្រព្យបញ្ចាំ។​ ព្រមទាំងផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះផ្សេងៗផងដែរ។

បើតាម លោក អាន តារា បច្ចុប្បន្ននេះក្រុមហ៊ុន កែច្នៃស្វាយចន្ទីនៅកម្ពុជាមានប្រមាណ២៥ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនប្រហែល១០ប៉ុណ្ណោះដែលមានលទ្ធភាពក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីមានលក្ខណៈស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន។

​លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺជាគោលដៅយុទ្ធសាស្ត្រដែលធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទី នៅប្រទេសកម្ពុជា។

លោកបានបញ្ជាក់ទៀតថា «ធនាគារជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងការពង្រីកអាជីវកម្ម សម្រាប់តួអង្គស្វាយចន្ទីទាំងអស់ រួមមាន៖ អ្នកកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត»​