(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកស្រី បានអញ្ជើញជាអធិបតី ប្រកាសបញ្ចុះបឋមសីលាសាងសង់ សាលាអាន់នៀតម៉ះ អាល់ឥស្លាមីយ៉ះ កំរិតបឋមសិក្សា នៅភូមិ៤ ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាលារៀននេះ មានទទឹង ៨.៥ ម៉ែត្រ បណ្តោយ ២៤ ម៉ែត្រ កំពស់ ៤ជាន់ ដោយសង់ពីបេតុងអាមេ ប្រក់ក្បឿងមាន៨បន្ទប់ មានសាលប្រជុំ គ្រោងចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ ដែលជាអំណោយរបស់សប្បុរសជន ជាពាណិជ្ជករនៃរដ្ឋគុយវ៉ែត តាមរយៈសមាគមសម្របសម្រួលសង្គម នៃរដ្ឋគុយវ៉ែត សហការជាមួសមាគម សម្របសម្រួល និងអភិវឌ្ឍន៍សង្គម ផ្តល់ជូនគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលគម្រោងនេះ នឹងបញ្ចប់គម្រោងរយៈពេល៧ខែ។

លោក យូសុះ អៀរ៉សាត នាយកសាលាបានលើកឡើងថា អាគាសិក្សានេះ គឺជាគ្រឹះស្ថានកម្រិតបឋម របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា ដែលមានសាខា៣០កន្លែងផ្សេងទៀត ទូទាំង២៤រាជធានីខេត្ត ដែលបង្រៀនទៅតាមកម្រិតអប់រំស្តង់ដារ របស់ប្រទេសម៉ាឡេស៊ី ពីកម្រិតបឋមដល់មធ្យម ហើយជារៀងរាល់ឆ្នាំ មានសិស្សប្រមាណ១២០ ទៅ១៥០នាក់ដែលប្រលងចេញ និងបន្តទៅសិក្សានៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបណ្តាប្រទេសអារ៉ាប់។

តាមការបញ្ជាក់របស់ លោក មូហាំម៉ាត អះម៉ាត់សុលតង់ តំណាងម្ចាស់ជំនួយបានឲ្យដឹងថា ម្ចាស់ជំនួយនៃវង្សត្រកូល Al Sayir  គឺជាដៃគូមនុស្សធម៌ឯកជនរបស់អង្គការយើងខ្ញំ ដែលគ្រួសារពាណិជ្ជករ មួយនេះ តែងតែបានសហការចូលរួម រាល់សកម្មភាពមនុស្សធម៌លើគ្រប់វិស័យ។

លោកបន្តថា រហូតមកដល់ពេលេនះ គ្រួសារមួយនេះ បានចំណាយថវិកាក្រុមហ៊ុនរបស់ខ្លួន បរិច្ចាកក្នុងវិស័យមនុស្សធម៌ នៅកម្ពុជាមិនតិចជាង ៤លានដុល្លារអាមេរិក។ លោកបានកោតសរសើរ ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង គ្រប់វិស័យមានការរីកចំរើន ទាំងវិស័យអណាចក្រ និងសាសនាចក្រ។

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរដល់ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ដែលបានសហការជាមួយនឹង អង្គការនិងសប្បុរសជនក្រៅស្រុក ហើយតែងតែនាំមកនូវជំនួយ មនុស្សធម៌ផ្សេងៗ គ្រប់វិស័យមកចូលរួមអភិវឌ្ឍន៍នៅកម្ពុជា។

ជាក់ស្តែងមកដល់ពេលនេះ តាមរបាយការណ៍អង្គការសម្របសម្រួល សង្គមរបស់រដ្ឋគុយវ៉ែត និង សមាគមពិភពលោកនៃក្តីមេត្តា បានកសាងភូមិគំរូជូនប្រជាជនក្រីក្រ ចំនួន ៤រួចមកហើយ ដែលមាន១៩៣ខ្នងផ្ទះ និងកំពុងបន្តសាងសង់ ភូមិគំរូមួយទៀត នៅស្រុកខ្សចកណ្តាល ខេត្តកណ្តាល ដែលមានផ្ទះចំនួន១៣០ខ្នង ក្នុងនោះក៏បានសាងសង់ផ្ទះ តាមសហគមន៍ ប្រជាពលរដ្ឋទីទ័លក្រចំនួន២៥០ខ្នង និងមានជំនួយផ្សេងៗទៀត ដូចជាការសង់សាលារៀន មន្ទីរពេទ្យកម្មវិធីព្យាបាល អនាម័យ អាហាររូបករណ៍និស្សិតក្នុងប្រទេស ផ្តល់កន្លែងស្នាក់នៅជូននិស្សិត សាងសង់វិហារឥស្លាម៕