(ភ្នំពេញ)៖ នារីស្រស់ស្អាតឈ្មោះ Chea Naka ដែលបើកឡានមានស្ថានភាពស្រវឹង បុកបុរសម្នាក់បណ្តាលឲ្យស្លាប់នោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការចោទប្រកាន់ជាផ្លូវការ រួចហើយត្រូវបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី។

លោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា តំណាងអយ្យការ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»

ក្រោយធ្វើការចោទប្រកាន់, តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបតាមនីតិវិធី។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅចំពោះតុលាការ ជនបង្កបានសងសំណងដល់ ក្រុមគ្រួសារជនរងគ្រោះ រួចហើយគ្រួសាររងគ្រោះក៏បានដកពាក្យបណ្តឹងវិញផងដែរ។

សូមរំលឹកថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូអាគុយសុខៗ ត្រូវបាននារីស្រស់ស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ រីឯអ្នកបើកបរមានឈ្មោះ Chea Naka ជាតារាសម្តែងម្នាក់មានឈ្មោះល្បីគួរសមនៅតាមបណ្តាញសង្គម។

បុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ ដោយសារតែស្រវឹងបានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

នៅពេលនោះ នារីដែលបើករថយន្តបង្ក បានចុះមកមានសភាពស្រវឹងស្រាជោគជាំ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់អ្នកបើករថយន្តបង្ក យកទៅប៉ុស្តិ៍កាន់នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំតាមនិតិវិធី។

ចំណែកសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ដោយឡែក សពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕