(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក បាននាំយកថវិកា បេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក ទឹម ហ៊ន អាយុ៦៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៩១ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ លោកបានត្រូវរបួសពិការ ពេលដែលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអូរពោធិ ខេត្តព្រះវិហារហើយលោកបានទទួលមរណភាពដោយរោគាពាធ នាពេលកន្លងទៅថ្មីៗនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតលោកព្រិន្ទបាលឯក ទឹម  ហ៊ន ជាអតីតយុទ្ធជនពិការដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជនហើយសូមបួងសួងដល់ វិញ្ញាណក្ខន្ឋលោក ទឹម ហ៊ន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព  គឺដោយសារការផ្ដួចផ្ដើមឡើងរបស់ សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលាមិនឱ្យលើសពី៧ថ្ងៃ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖អង្ករចំនួន៥០គីឡូក្រាម  មីជាតិចំនួន២កេស ត្រីខកំប៉ុង ចំនួន០២យួរ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ។

ក្រុមគ្រួសារសពលោកព្រិន្ទបាលឯក ទឹម ហ៊ន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈកម្មាធិការសមាគមន្ត្រីប្រាក់យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានឧបត្ថម្ភប្រាក់បេឡាមរណៈសង្គ្រោះ និងអំណោយគ្រឿងឧបភោគបរិភោគបានទាន់ពេលវេលាក្នុងពិធីបុណ្យសព និងសូមគោរពជូនពរសម្ដេច លោក លោកស្រីទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕