(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកែវ តំណាងលោកចៅសង្កាត់-អធិការ និងអភិបាលខណ្ឌ បានឆ្លៀតឱកាសដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកាឧបត្ថម្ភលើកទឹកចិត្តមួយចំនួនដល់លោកស្រីអនុសេនីយ៍ត្រី លីណា មណុត្តរី មន្ត្រីនគរបាលប៉ុស្ដិ៍ ដែលទើបសម្រាលបានបុត្រី (មាតុភាព) នៅគេហដ្ឋាន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនេះ លោកវរសេនីយ៍ត្រី តូច គឹមសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរដល់លោកស្រីអនុសេនីយ៍ត្រី លីណា មណុត្តរី មន្ត្រីនគរបាលប៉ុស្ដិ៍ ដែលទើបសម្រាលបានបុត្រី ឲ្យមានសុខភាពល្អ ទាំងម្ដាយ-កូន និងក្រុមគ្រួសារមានសេចក្ដីសុខ និងសុភមង្គ័លជានិច្ច ពីសំណាក់ថ្នាក់ដឹកនាំសង្កាត់-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បន្ទាប់ពីលោកនាយប៉ុស្ដិ៍ ឧបត្ថម្ភសម្ភារ និងថវិកាលើកទឹកចិត្ត ដែលជាការបង្ហាញឲ្យឃើញយ៉ាងស៊ីជម្រៅ អំពីការយកចិត្តទុកដាក់ជួយគ្នា រវាងមន្ត្រី និងមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

ដោយមនោសញ្ជេតនា និងក្ដីសប្បាយរីករាយ លោកស្រីអនុសេនីយ៍ត្រី លីណា មណុត្តរី មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប៉ុស្ដិ៍-សង្កាត់-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការចុះសួរសុខទុក្ខ និងលើកទឹកចិត្តតាមរយ:ការឧបត្ថម្ភជាសម្ភារ និងថវិកាបង្ហាញអំពីការរឹតចំណងសាមគ្គីភាពរវាងមន្ត្រី និងមន្ត្រី ចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ដោយចេះជួយគ្នាទៅវិញទៅមកនៅពេលជួបប្រទះបញ្ហា ទុក្ខលំបាក ឬមានជម្ងឺឈឺថ្កាត់ផ្សេងៗ ក្រៅពីលោកស្រីមន្ត្រីនគរបាលប៉ុស្ដិ៍ ជូនពរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យជានិច្ចលើភារកិច្ចការងារបម្រើប្រជាពលរដ្ឋ៕