(វៀងច័ន្ទ, ឡាវ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានឡើងថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ចាប់ថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលសភា CLV លើកទី១ សម្ដៅបន្តសហការរួមគ្នាឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃក្រសួងការពារជាតិនៃប្រទេសទាំងបី ស្ដីពីការពង្រឹងតួនាទីភារកិច្ចរដ្ឋសភាជាតិក្នុងការ លើកកម្ពស់កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ឡាវ-វៀតណាម នាពេលនេះគឺជាឱកាស សម្រាប់ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស និងប្រជាជនយើងទាំងអស់គ្នា។

លើសពីនេះទៅទៀតកិច្ចប្រជុំកំពូលសភា CLV លើកទី១ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ដែលមានព្រំដែនជាប់គ្នា ថែមទាំងបានចូលរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍ អាស៊ានផងដែរ ពិសេសការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ការលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនយើងយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានថ្លែងថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ ក្រសួងការពារប្រទេសយើងទាំង៣ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមសហប្រតិបត្តិការ រក្សាសន្តិសុខ និងរបៀបរៀបរយតាមបណ្ដោយព្រំដែន យើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយ ចីរភាព ដើម្បីធានានូវអនាគតតំបន់មួយដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាក់ស្ដែងទោះបី មានការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកល ប៉ុន្តែកងទ័ពនៃប្រទេសយើងទាំងបីនៅតែបន្តរឹតចំណង សាមគ្គីភាព សហការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែងសំដៅពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការពារជាតិ។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការកម្រិតការពារជាតិ ក៏មានជំនួបកំពូលនាពេលថ្មីៗកន្លងមកនេះរវាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជំនួបរវាង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ ដែលផ្តោតសំខាន់ទៅលើការត ភ្ជាប់ទំនាក់ទំនងល្អរវាងកងទ័ព នឹងកងទ័ព ប្រជាជន នឹងប្រជាជន និងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិ ការរក្សានូវ នយោបាយសន្តិភាព ស្ថិរភាព ដល់ប្រជាជនយើងនៃប្រទេសទាំងបី។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា «យើងនៅតែបន្តការជួបប្រជុំពិភាក្សាគ្នាតាមរយៈយន្តការដែលមានស្រាប់ យើងរួមគ្នាជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស បទល្មើស គ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយសម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំង៣ ក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនទទួលបានលទ្ធផល ជាផ្លែផ្កា»

ជាក់ស្ដែងនៅខែធ្នូ ឆ្នាំ២០២៣ នឹងមានការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់ រដ្ឋមន្ត្រីនៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម "CLV” លើកទី១ និងការធ្វើលំហាត់សុខាភិបាល កងទ័ពទាំង៣ប្រទេស នៅចំណុចតំបន់ត្រីកោណអភិវឌ្ឍន៍។

ក្រោយពីកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្តីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះកងទ័ព ប្រទេសយើងទាំង៣ពិត ជាមានមោទនភាពជាដៃគូយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អដើម្បីពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅរក ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងផ្ដល់នូវភាពសុខដុមរមនាដល់ប្រទេសជាតិយើងទាំងបី។ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទាំងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយតាម បណ្ដោយព្រំដែន និងមានការទំនាក់ទំនង ការទូតយោធាឱ្យកាន់តែប្រសើរឡើងថែមទៀតទៅតាមពិធីសារ ដែលយើងមានស្រាប់។

លោកបានថ្លែងទៀតថា ជាការពិតស្ថានភាពក្នុងតំបន់ និងពិភពលោកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងពិនិត្យ ឃើញថាបន្ទាប់ពីមានការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩ នារយៈពេលកន្លងមក និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយពីសំណាក់ប្រទេសមហាអំណាច បានធ្វើឱ្យមានសង្គ្រាមផ្ទុះឡើងនៅតំបន់អឺរ៉ុប "អ៊ុយក្រែន-រុស្ស៊ី" និងមជ្ឈិមបូព៌ា "អីស្រាអែល-ហាមាស" បានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សន្តិសុខលើ ពិភពលោក និងរងផលប៉ះពាល់ដល់នយោបាយ និងសេដ្ឋកិច្ចជាសកល។ បញ្ហាប្រឈមនានានៅតែកើត មានឡើងដូចជាការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតកាន់តែមានភាពធ្ងន់ធ្ងរធ្វើ ឱ្យកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍កំពុងជួបនឹងការលំបាក។ គ្រោះមហន្តរាយ ដែលបណ្ដាលមកពីការ ប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមនានា នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នានៅក្នុងតំបន់។ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចបានលើកឡើងខាងលើទាមទារឱ្យកងទ័ពនៃប្រទេសយើងទាំង៣ ពង្រឹងកិច្ចសហប្រតិបត្តិការរួមជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀតដើម្បីអាចដោះស្រាយបញ្ហា ទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន សង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុងការពង្រឹងដល់ការទំនាក់ទំនងល្អលើ វិស័យការទូតយោធា មិត្តភាព ភាតរៈភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា។

លោកថា យើងត្រូវតែផ្តល់អាទិភាពដល់តម្លៃសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់ ហេតុនេះនៅក្នុងបរិបទ បច្ចុប្បន្នយើងត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បច្ចេកទេស បច្ចេកវិទ្យា វិទ្យាសាស្ត្រ ការបង្កើនការ អភិវឌ្ឍន៍ធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងក្រសួងការពារប្រទេសទាំង៣ដែលមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ ជាអត្ថប្រយោជន៍រួម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះយើងត្រូវពង្រឹងការអនុវត្តនូវពិធីសារ រចនាសម្ព័ន្ធដែលមានស្រាប់យើងបង្កើតឡើងនូវផែនការប្រចាំឆ្នាំនីមួយៗ គឺជាការងារចាំបាច់ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនឈានឡើងមួយកម្រិតទៀត។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្តទៀតថា «ក្នុងស្មារតីនេះក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះ ស្មារតីកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ។ ក្រសួងការពារជាតិកម្ពុជា បានប្ដេជ្ញាចូលរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅទៅអនាគត ជាដៃគូយុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងឡាយ សម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អចំណង មិត្តភាព សាមគ្គីភាព ក្នុងកិច្ចសហប្រិតិបត្តិការល្អរវាងប្រទេសទាំង៣ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមាន ប្រសិទ្ធភាពឡើងថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រជាជនប្រទេសយើងទាំង៣»