(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំការងារជំនាញសន្តិសុខ ព្រហ្មទណ្ឌ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខក្នុងមូលដ្ឋានខេត្ត។

ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ និងមន្រ្តីផែនសន្តិសុខ ផែននគរបាលព្រហ្មទណ្ឌ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រៀមរៀបចំកសាងផែនការក្នុងភូមិសាស្ត្រ ដើម្បីគ្រប់គ្រង ក្តាប់មុខសញ្ញា ចាស់ ថ្មី ក្នុងនិងក្រៅ ភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខសណ្តាប់សាធារណៈ ក្នុងសង្គម ពិធីបុណ្យជាតិផ្សេងៗ ជាពិសេសបទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំឱ្យពង្រឹងការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសក្មេងទំនើងជាដើម។ ការកសាងអង្គភាព និងពង្រឹងការគ្រប់គ្រងកម្លាំងរបស់ខ្លួន ការគោរពវិន័យ ០០៦ របស់នគរបាលជាតិ លើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលមានស្នាដៃល្អ៕