(កំពង់ឆ្នាំង)៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហម ដើម្បីបរិយាបន្នសង្គម»។

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីអស់លោក លោកស្រី លោកឧកញ៉ា អ្នកឧក ញ៉ា មន្ត្រីរាជការ អង្គការ ក្រុមហ៊ុនជុំវិញខេត្ត ដែលជាសមាជិកកាកបាទក្រហមខេត្ត និងជាអ្នកគាំទ្រកាកបាទក្រហមខេត្តចូលរួមសរុបចំនួន ១.២៤៧នាក់។

នៅក្នុងពិធីនេះបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធាន និងសមាជិក សមាជិកាទាំងអស់ក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងគ្រប់អនុសាខាកាកបាទក្រហមទាំង៨ក្រុងស្រុកក្នុងខេត្ត ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងចលនាបំផុសដល់សប្បុរសជនជួយគាំទ្រ ដល់កាកបាទក្រហមខេត្តកំពង់ឆ្នាំង ក្នុងនោះដែរចំពោះការ គ្រប់គ្រង និងការចំណាយផ្ដល់ថវិកា ស្បៀងអាហារជូនជនរងគ្រោះក្នុងខេត្ត គឺគ្រប់អនុសាខា និងគណៈកម្មាធិការសាខាបានអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា និងអភិវឌ្ឍន៍ធនធានមនុស្សសំដៅ លើការងារ៥យ៉ាងគឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាឌីជីថល។ ការអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញលើការធ្វើឲ្យប្រសើរឡើងលើវិស័យអប់រំ, វិស័យសុខាភិបាល, សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីសុខមាលភាពសង្គម។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា ប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម គឺចង់បង្ហាញពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់ការផ្ដល់ឲ្យមនុស្សគ្រប់រូបទទួលបានឱកាសស្មើគ្នា ធ្វើការងាររួមគ្នាដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរជាតិសាសន៍ ជនជាតិដើមភាគតិចភាសាសាសនា ឬពិការភាព ជាពិសេសដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ។

នៅក្នុងពិធីនេះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ឲ្យដឹងថា ស្ថានភាពចំណូលចំណាយរបស់សាខាគ្រាមុនធ្វើទិវា៨ឧសភា២០ ២២សាខា និងអនុសាខាទាំង៨ ក្រុងស្រុក ចំនួន ១៦.២៩៥ដុល្លារ។ ចំណូលសាខា និងអនុសាខាពីខែកញ្ញា ២០២២ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបមានចំនួន ២០១.៨៥៨ដុល្លារ។ ចំណាយសាខានឹងអនុសាខាររយៈពេល ១៥ខែ ពីខែកញ្ញា ២០២២ ដល់វិច្ឆិកា ២០២៣ សរុបចំណាយ ២១២.៦៥៩ដុល្លារ។ សមតុល្យសាខា និងអនុសាខានៅក្នុងធនាគារអេស៊ីលីដាសរុបចំនួន ៥.៤៩៤ដុល្លារ។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានបន្តថា ឆ្លើយតបចំពោះគ្រោះមហន្តរាយសា ខានិងអនុសាខាបានឆ្លើយតបដល់គ្រួសាររងគ្រោះសរុបចំនួន ១.១៥៩គ្រួសារ។ បាននាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ស្ត្រីកូនតូច សរុបចំនួន ១០៤នាក់។ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២៣នេះសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហ មកម្ពុជា បាននាំឲ្យសាខាមកដល់កម្រិតមួយមានភាពម្ចាស់ការលើផ្នែកហិរញ្ញវត្ថុ ដោយសារមានការរៀបចំនូវរចនាសម្ព័ន្ធបុគ្គលិក បានត្រឹមត្រូវនិងសមត្ថភាពធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ដើម្បីការងារ ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍។

សាខាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប នឹងករណីគ្រោះមហន្ត រាយដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗដែលមិនអាចដឹងមុនដូចជាការត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងខេត្តរបស់ខ្លួន។

ដោយឡែកនៅក្នុងពិធីអបអរសាទរពិភពលោកកាកបាទក្រហម អធិចន្ទក្រហមក្នុងថ្ងៃនេះ សាខានិងអនុសាខាទាំង៨ក្រុងស្រុកក្នុងខេត្តបានកៀរគរ ប្រមូលថវិកាគាំទ្រពីសប្បុរសជននានាសរុបបានចំនួន ១៧១. ២០០ដុល្លារ គឺជាតួលេខបណ្ដោះអាសន្ន ព្រោះអាចនឹងមានការចូលរួមពីសប្បុរសជនមួយចំនួនទៀត៕