(ភ្នំពេញ)៖​ ក្រោមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខកន្លែងលេងអ៊ិនធឺណេតយីហោ៦៣ ផ្លូវលេខ៥១ ភូមិ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រោយព្រួតគ្នាយកដំបងវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករងរបួសប្លន់យកម៉ូតូ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ចំរើន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៩អឺ០ហ្សិត ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ប៊ុន ឡាយ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបររត់ម៉ូតូឌុប។

តាមដំណើររឿង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានករណីព្រួតគ្នាយកដំបងវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករងរបួសប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកណ្តាល 1K-4962 ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៤កែង៥១ ភូមិ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ករណីនេះបង្កឡើងដោយជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មានឈ្មោះ សួន ចំរើន និងឈ្មោះ ជា អាយុប្រហែល៣៣ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅលាយខៀវ, ឈ្មោះ តឿ អាយុប្រហែល៣២ឆ្នាំ ជិះម៉ូតូមិនចាំម៉ាក ពណ៌ខ្មៅម្នាក់ឯង និងឈ្មោះ សុខ អាយុប្រហែល៣០ឆ្នាំ កាន់ដំបងឈររង់ចាំនៅក្បែរចំណុចកើតហេតុ។

លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះឈ្មោះ ប៊ុន ឡាយ ជិះម៉ូតូម្នាក់ឯង មកដល់ក៏ឈប់នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ តឿ បានឃើញក៏ប្រាប់បក្ខពួក ហើយពេលនោះឈ្មោះ ជា ជិះម៉ូតូចូលមកឈប់ពីមុខម៉ូតូ ជនរងគ្រោះរួចបើកកែបម៉ូតូទាញយកដំបងមកកាន់នៅដៃ។ ឈ្មោះ សុខ ដែលកាន់ដំបងឈររង់ចាំនៅក្បែរនោះ ក៏រត់ចូលមកធ្វើសកម្មភាព វាយក្បាលជនរងគ្រោះចំមួយដំបង បណ្តាលឲ្យបែកក្បាលហូរឈាម ហើយឈ្មោះ តឿ ឈ្មោះ ជា បានរត់ចូលទៅព្រួតគ្នាវាយទៅលើជនរងគ្រោះបន្ថែមទៀត តែជនរងគ្រោះបានរត់ចោលម៉ូតូគេចខ្លួន ឆ្លងផ្លូវទៅម្ខាង។

ពេលនោះ ជនសង្ស័យឈ្មោះ ជា ឈ្មោះ សុខ និងឈ្មោះ តឿ បានដេញតាមវាយជនរងគ្រោះបន្ថែម ឃើញដូច្នោះជនសង្ស័យឈ្មោះ សួន ចំរើន ដែលឈរនៅផ្លូវម្ខាងក៏រត់ទៅដេញវាយលើជនរងគ្រោះ តែមិនត្រូវ ហើយជនរងគ្រោះរត់គេចខ្លួនចូលទៅផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះបាត់ ជនសង្ស័យក៏នាំគ្នាត្រឡប់មកវាយម៉ូតូជនរងគ្រោះបន្ថែមទៀត ហើយបក្ខពួកជនសង្ស័យមិនស្គាល់ឈ្មោះភេទប្រុស បានរត់ចេញមកលើកម៉ូតូ របស់ជនរងគ្រោះជិះគេចខ្លួន ហើយបក្ខពួកផ្សេងទៀតបាននាំគ្នាជិះម៉ូតូឌុបគ្នាគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងម៉ូតូរបស់ជនរងគ្រោះដែលចាប់បានខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕