(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់​អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាម​ស្មារតី​កំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើ​ការ​​ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជា​មុខ​ងារស្នូលរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃ​ស្ថាន​ភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំង​ការ​រៀបចំក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការ​ជាមួយ​ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងាររៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជា​ការ​ងារ​សិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗ ដើម្បីជាគុណប្រយោជន៍សម្រាប់ការតាក់តែង និងការដាក់ចេញ​នូវ​គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទម្រង់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ លោក​ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការ​សិក្សា​ស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហា​រចនា​សម្ព័ន្ធ ដោយផ្តោតការគិតគូរជាពិសេសទៅលើបរិយាកាសធុរកិច្ច បញ្ហាជំនាញ និងការទាក់ទាញ​ការ​វិនិ​យោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបានជំរុញការរៀបចំ និងអនុវត្តគម្រោងសហគមន៍អ្នកស្រាវជ្រាវ​នៅកម្ពុជា​ឱ្យ​បាន​ឆាប់។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹង​ការ​រៀបចំ​ដាក់ឱ្យដំណើរការឡើងវិញ នូវគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការ​រៀបចំ​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការវាយតម្លៃលើផលប៉ះពាល់នៃច្បាប់ និងលិខិតបទដ្ឋាន​គតិ​យុត្តទាំងនោះ មកលើដំណើរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសមកលើធុរកិច្ច ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដោយផ្តោតលើការបន្ថយចំណាយអនុលោមភាព (Compliance Cost) និងបន្ទុកដល់ធុរកិច្ច និងការវិនិយោគ ព្រមទាំងផលប៉ះពាល់អវិជ្ជមានមកលើភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន និងសង្គមទាំងមូល តាមរយៈការធ្វើស្ថាប័នភាវូបនីយកម្ម នៃ​ការត្រួតពិនិត្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅតាមអង្គភាពនីតិកម្មរបស់​ក្រសួង-​ស្ថាប័ន​នានា ហើយទីស្តីគណៈរដ្ឋមន្ត្រីបំពេញតួនាទីជាអ្នកសម្របសម្រួល និងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការគាំទ្រ។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការសម្របសម្រួលជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គ​នា​យកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការចូលរួមពិនិត្យនិងផ្តល់យោបល់លើសេចក្តី​ព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។

លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ថ្នាក់ដឹកនាំ នៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និង​ការ​ប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែន​ការអភិវឌ្ឍ​ស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបានមានប្រសាសន៏ផ្តល់ការលើកទឹកចិត្ត ឱ្យប្រើប្រាស់ធនធានមនុស្ស​ដែល​មានស្រាប់ឱ្យអស់លទ្ធភាព ទន្ទឹមនឹងការកៀគរបញ្ញាវន្តដែលមានជំនាញបច្ចេកទេសកម្រ និងកម្រិតខ្ពស់ ទាំងពីក្នុង និងក្រៅប្រទេស ដើម្បីឱ្យ ក.ស.វ. អាចបំពេញនូវតួនាទីរបស់ខ្លួន​ជាធនាគារខួរ​ក្បាលមួយ​របស់​រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់នៃ ក.ស.វ. ឱ្យបន្តវប្បធម៌នៃការផ្លាស់ប្តូរ ចែករំលែក មតិយោបល់ ក្រោមស្មារតីវិជ្ជាជីវៈខ្ពស់ បើទោះបីជាពេលខ្លះមានការខ្វែងយោបល់ និងមតិក៏ដោយ ក្នុងគោលដៅបង្កើតវឌ្ឍនភាព និងការរីក​ចម្រើនជូនស្ថាប័ន និងប្រទេសជាតិ៕