(កំពង់ធំ)៖ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំពិធីផ្សព្វផ្សាយអនុសាសន៍១២ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍៦ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកម្មវិធីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងការតាមដានត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
លោកស្រី ស៊ើង សរសុចិត្តា បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ដោយការលើកកម្ពស់តួនាទីស្រ្តីនៃយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស (មុំទី៥នៃបញ្ចកោណទី១) និងបន្តបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំ សាធារណៈនៅគ្រប់កម្រិត (មុំទី១នៃបញ្ចកោណទី១) នៅក្នុងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រកបដោយភាពធន់ និងបរិយាបន្ន។
លោកស្រីបានបន្តថា តាមរយៈផែនការយុទ្ធសាស្រ្តទី៥ ក្នុងចង្កោមសកម្មភាពអាទិភាពទី៧ ប្រការនេះបានរំលេចឱ្យឃើញយ៉ាងច្បាស់ថាការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនរើសអើងភេទ ពណ៌សម្បុរ ឬសាសនាឡើយ រីឯបេសកកម្មចម្បងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ បានលើកពីការលើកកម្ពស់សមធម៌យេនឌ័រ និងកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈខ្លឹមសារនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី១ មុំទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។
លោកស្រី ស៊ើង សរសុចិត្តា ជឿជាក់យ៉ាងមុតមាំថា ការរៀបចំវគ្គផ្សព្វផ្សាយពេលនេះគឺជាគន្លឹះមួយ ឬជាសារយ៉ាងសំខាន់ដែលបង្ហាញឱ្យឃើញពីការផ្តល់ចំណេះដឹងឱ្យបានទូលំទូលាយអំពីអនុសាសន៍១២ចំណុច របស់សម្តេចតេជោ អនុសាសន៍៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់មន្ត្រីរាជការនៃមន្ទីរ ក៏ដូចជាវិទ្យាស្ថានមជ្ឈមណ្ឌល ដែលនឹងក្លាយជាអ្នកបន្តវេន ដើម្បីយកចំណេះដឹងទទួលបាននាពេលនេះ ទៅផ្សព្វផ្សាយបន្តឱ្យរឹតតែទូលំទូលាយថែមទៀតដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនារីភេទ ដើម្បីឱ្យបានជ្រួតជ្រាប និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តទាំងច្បាប់ និងគោលនយោបាយដែលបានដាក់ចេញ៕