(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣ នៅស្នាក់ការគណបក្សខេត្ត។

អង្គមិទ្ធិញនេះ បានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមេគណខេត្តទាំងពីរគណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ប្រមាណ១២៧១នាក់ផងដែរ។

បន្ទាប់ពីព្រះសង្ឃសូត្រជយន្តោ ប្រោះព្រំសិរីសួស្ដីដល់គណៈអធិបតី និងពិធីស្មូតកំណាព្យ ក្រោមចំណងជើងថា បំភ្លេចមិនបាន នោះរួចមក លោក ខូយ រីដា ក៏បានអានសុន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានវាយតម្លៃយ៉ាងល្អិតល្អន់ អំពីអត្តន័យជាប្រវត្តិសាស្ត្រ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបណ្ដាសមិទ្ធផលនានា ចាប់តាំងពីក្រោយថ្ងៃបង្កើតរណសិរ្ស ០២ ធ្នូ ១៩៧៨ រហូតដល់បច្ចុប្បន្ន។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា ព្រោះថារណសិរ្យនេះហើយ ដែលនាំមកនូវមហាជ័យជំនះ ៧ មករា សង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ គ្រប់ពេល និងគ្រប់ទីកន្លែង។

យើងទាំងអស់គ្នាត្រូវចាត់ទុកអង្គការរណសិរ្សនេះ ជាអ្នកមានគុណ ជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះមានតែអគ្គស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរ ពីក្នុងស្ថានភាពដ៏លំបាកលំបិន ប្រមូលផ្ដុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនឲ្យបានរស់រានមានជីវិត រួចផុតពីគ្រោះមហន្តរាយ បនប្រល័យពូជសាសន៍ ជាស្នូលដឹកនាំក្នុងការកសាងមាតុភូមិពីគំនរផេះផង់ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនា នាពេលនេះ និងទៅថ្ងៃអនាគត។

ថ្ងៃ០២ធ្នូ គឺជាទិវាប្រវត្តិសាស្ត្ររបស់ជាតិយើង យើងយល់ច្បាស់ថា បើគ្មានថ្ងៃ០២ ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា ទេ យើងគ្មានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា និយាយរួមនិងនិយាយដោយឡែក ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ធផលធំៗជាច្រើន ក្រោមការបន្តដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិឈានទៅមុខ ប្រកបដោយភាពជឿជាក់ខ្ពស់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយការលេចត្រដែតឡើង នូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ៕