(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌក្រុងបាត់ដំបង និងបានដំណើរការ ទៅដោយរលូន ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ១,០៧៦នាក់ ក្នុងនោះពលរដ្ឋក៏មានការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិសំណើរ និងសំណូមពរ។

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ នៅក្រុងបាត់ដំបង នេះធ្វើឡើងនៅមហោស្រពស្ទឹងសង្កែ ស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផេង សិទ្ធី អភិបាលរងខេត្តតំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង។

នាឱកាសនោះ លោក អ៊ុយ រី ក៏បានលើកឡើង ពីគោលបំណងនៃការរៀបចំវេទិការនេះឡើង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់ពីស្ថានភាព និងសកម្មភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក។ វេទិកានេះក៏នឹងផ្តល់នូវឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរបញ្ចេញមតិ និងសំណូមពរនានារបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ និងបញ្ហាដែលប្រឈមកន្លងមក ដើម្បីសំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចឆ្លើយតប និងដោះស្រាយជូន។

លោក អ៊ុយ រី បន្ថែមថា ប្រធានបទនៃវេទិកាក្រុមប្រឹក្សាខេត្តឆ្នាំ២០២៣ គឺចង់បានការចូលរួមដោយផ្ទាល់គ្រប់គ្នាពីអង្គប្រតិបត្តិទាំងអស់នៅក្នុងឆ្នាំ២០២៤ រួមមានមន្ត្រីរាជការ និងប្រជាជនទាំងអ្នកនៅទីក្រុង ទីប្រជុំជន និងនៅជនបទសម្រេចឱ្យបានគោលបំណងធំៗ០៣គឺ៖

*១៖ បន្តកសាងពង្រឹងសេចក្តីសុខសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងគ្រោះមហន្តរាយដល់ជនគ្រប់រូបនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ គឺជាការប្រមូលកំលាំងសរុបធ្វើសកម្មភាពតស៊ូលប់បំបាត់បទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ឃុំ សង្កាត់ ស្រុក ក្រុង ទូទាំងខេត្ត។

*២៖ បំផុសឱ្យមានការចូលរួមជាមួយសមត្ថកិច្ចពីគ្រប់មជ្ឈដ្ឋានរដ្ឋ ប្រជាជន ឯកជន គណបក្ស នយោបាយ ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សហគមន៍ដើម្បីទាំងអស់គ្នាចូលរួមអនុវត្តវិធានការ ភារកិច្ច លើក កម្ពស់ភាពសុខក្សេមក្សាន្តក្នុងមូលដ្ឋានរស់នៅផ្ទាល់។

*៣៖ ផ្តើមចេញពីជោគជ័យនៃការរួមកម្លាំងគ្នាអនុវត្តប្រធានបទនេះ គឺដើម្បីជោគជ័យនៃការ ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក ផេង សិទ្ធី បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង បានរុញច្រានឲ្យខេត្តបាត់ដំបងទាំងមូល និយាយជារួម នៅក្រុងបាត់ដំបង និយាយដោយឡែកមានការអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់។ ក្នុងការអភិវឌ្ឍន៍និងបម្រើសេវារដ្ឋបាលជូនពលរដ្ឋនឹងមានបញ្ហាមួយចំនួន ក្នុងនោះដែលរដ្ឋបាលខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋានបានដោះស្រាយ កំពុងដោះស្រាយ និងបន្តដោះស្រាយ ជូនប្រជាពលរដ្ឋក្នុងនាមអាណាព្យាបាល។

លោក ផេង សិទ្ធី បានគូសបញ្ជាក់ថា ចំពោះសំណើរ សំណូមពររបស់ពលរដ្ឋ ដែលបានលើកឡើងលោកទទួលយកនិងចាត់ឲ្យមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធ ដោះស្រាយឲ្យអស់នូវទុក្ខកង្វល់របស់បងប្អូន ធ្វើយ៉ាងណាធ្វើឲ្យពលរដ្ឋ រស់នៅប្រកបដោយសុខសាន្ត ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

លោក ផេង សិទ្ធី បានក្រើនរំលឹកដល់អាជ្ញាធរក្រុងបាត់ដំបង ត្រូវបន្តបម្រើសេវារដ្ឋបាលសាធារណៈឲ្យបានលឿនរហ័ស ចុះឲ្យដល់មូលដ្ឋានប្រមូលសំណើរសំណូមពរ ដោះស្រាយបញ្ហាទុក្ខកង្វល់ ជូនពលរដ្ឋជាពិសេសធានាឲ្យបាននូវសុខសុវត្ថិភាពជូន និងបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានជាបន្តទៀត។ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋបានលើកឡើងនៅសំនួរ សំណើរ សំណូមពរ ផ្ទាល់មាត់ចំនួន ៩ករណី ត្រូវបានឆ្លើយតបបំភ្លឺ និងធ្វើការដោះស្រាយជូនភ្លាមៗនិង ១១ករណីទៀត នឹងធ្វើការដោះស្រាយតាមក្រោយក្នុងពេលវេលាណាមួយសមស្រប។

ក្នុងវេទិការដោះស្រាយបាន៩ករណីខាងលើនោះរួមមាន៖

*ទី១៖ សំណើសុំបើកផ្លូវ និងជួសជុលផ្លូវនៅចំណុចសាលាបឋមសិក្សាចំការសំរោងផ្លូវវត្តពោធិ៍វង្ស
*ទី២៖ សំណើសុំជួសជុលផ្លូវផ្សារបឹងរាំងសង្កាត់អូរម៉ាល់
*ទី៣៖ សំណើសុំធ្វើប្លង់រឹងលើដីសហគមន៍សួនព្រែកព្រះស្តេច
*ទី៤៖ ស្នើការដោះស្រាយផលប៉ះពាល់ព្រលានយន្តហោះ
*ទី៥៖ អន្តរាគមន៍បញ្ហាចោរកម្ម អំពើហិង្សា គ្រឿងញៀន
*ទី៦៖ សំណើសាងសង់អគារមណ្ឌលសុខភាពសង្កាត់ព្រែកព្រះស្តេច
*ទី៧៖ ស្នើពង្រីកការស្ថាបនាផ្លូវ
*ទី៨៖ ស្នើសុំអគារសិក្សាបឋមសិក្សាអូរតាគាំ២
*ទី៩៖ សំណើសុំកសាងអគារមតេយ្យសិក្សា១ខ្នង ក្នុងសាលាបឋមសិក្សាវត្តកំផែង។

រាល់សំណូមពរ និងសំណួរមួយចំនួនដែលសមត្ថកិច្ចជំនាញពុំទាន់ដោះស្រាយរួចក្នុងពេលវេទិកានេះ ក្រុមប្រឹក្សាខេត្ត និងផ្តល់ការបំភ្លឺ ឬឆ្លើយតបតាមរយៈលិខិតជូនព័ត៌មាន ត្រឡប់វិញតាមពេលវេលាសមស្រប ណាមួយតាមរយៈក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាក្រុង-ស្រុកតាមក្រោយផងដែរ៕