(ឡាវ)៖ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទំាងគណៈប្រតិភូពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងក្រសួងសំខាន់ៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទំាងបី ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ចូលរួមជាច្រើនរយនាក់។
ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលសភា CLV បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ ។
ថ្នាក់ដឹកនាំប្រទេសឡាវបានលើកឡើងពីសារៈសំខាន់នៃការជួបជុំជាប្រវត្តិសាស្រ្តនេះថា នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមនិងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទំាងបី កាលពីឆ្នាំ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នាំមកផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និង លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះការជួបជុំគ្នារបស់តំណាងប្រជាពលរដ្ឋនាឱកាសនេះ ថានឹងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងបីកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាងបី ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។
កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ បានលើកកម្ពស់កម្រិតពីកិច្ចប្រជុំកម្រិតគណៈកម្មការជំនាញ នៃរដ្ឋសភាប្រទេសទំាងបី ដែលបានជួបជុំគ្នាជាប្រចាំនាពេលកន្លងមក។ តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
គោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាទស្សនៈដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។
តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ កិច្ចប្រជុំនាឱកាសនេះ សង្ឃឹមថានឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលប្រទេសទំាងបី ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណCLV ជាពិសេសការពង្រឹងទំនាក់ទំនងរដ្ឋសភា ប្រជាជននិងប្រជាជន នឹងត្រូវបានលើកកម្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទំាងបីនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាពិសេស ការកៀងគរធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមកសាង និងអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា ជាដើម៕