(រតនគិរី)៖ ដីរដ្ឋរាប់រយហិកតាស្ថិតនៅ២ទីតាំងផ្សេងគ្នាក្នុងស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានគេលួចកាប់ទន្ទ្រានដាំកូនកៅស៊ូយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់។ ចំពោះករណីនេះ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី ទទួលបន្ទុកកិច្ចការដីធ្លី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងដីព្រៃ ដែលគេបានកាប់រានដោយបំពានច្បាប់នោះ ដើម្បីរកអ្នកដែលជាប់ពាក់ព័ន្ធឲ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់។

តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ដីរដ្ឋរាប់រយហិកតាដែលគេនាំសម្រុកដាំកូនកៅស៊ូនោះ រួមមាន៖

*ទី១៖ មានទីតាំងនៅចំណុចព្រៃកាទឹង
*ទី២៖ នៅក្បែរភ្នំថ្មគ្រែ។ ដីទាំងពីរកន្លែងនោះស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

មន្ដ្រីម្នាក់នៅស្រុកកូនមុំម្នាក់បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋរាប់រយហិកតាដែលរងកាកាប់បំផ្លាញកន្លងមកនោះ បានក្លាយជាចម្ការកៅស៊ូ និងចន្ទីអស់ទៅហើយ គឺផ្ដើមចេញពីមនុស្សមួយចំនួនបាន ផ្ដល់លុយទៅឲ្យប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត កាប់ទន្រ្ទានព្រៃឈើ យកដីនោះជាលក្ខណ:គ្រួសារ។

មន្ត្រីរូបនេះបន្ដទៀតថា «គ្មានពលរដ្ឋណាប៉ះពាល់ដីព្រៃរបស់រដ្ឋបានទេ បើគ្មានមន្ត្រីខិលខូចគប់គិតគ្នានៅពីក្រោយ គឺគេបានតម្រូវឲ្យគ្រួសារនីមួយៗ ទទួលដីព្រៃចាប់ពី៥ទៅ១០ហិកតា ដែលអាចកាប់ឆ្ការសម្អាតព្រៃរួចរាល់ ហើយម្ចាស់លុយបានដើរតួជាអ្នកទិញដីនោះរួចផ្ទេរកម្មសិទ្ធិ តាមរយ:អាជ្ញាធរភូមិឃុំនៅមូលដ្ឋាននោះ រួចបំលែងទៅជាដីស្របច្បាប់របស់អ្នកទី តែម្ដង។ វិធីនេះត្រូវបានក្រុមអ្នកមានលុយមួយចំនួន កំពុងពេញនិយមប្រើ យកដីរដ្ឋនៅស្រុកកូនមុំ ទៅធ្វើជាកម្មសិទ្ធិជាបន្ដបន្ទាប់ ចំណែកអាជ្ញាធរពាក់ព័ន្ធបាននៅស្ងាត់ស្ងៀមធ្វើគរធ្វើថ្លង់ មើលអ្វីក៏មិនឃើញនោះទេ»

លោក ពេជ្យ ហ៊រ ប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រហម កាលពីពេលថ្មីៗនេះ ប្រាប់ឲ្យដឹងថា កូនប្រុសរបស់លោកម្នាក់ឈ្មោះ ប៉ាវ បានទិញដីនៅចំណុចព្រៃកាទឹងនោះបានចំនួន១០ហិកតា និងបានដាំកូនកៅស៊ូរួចមួយចំនួន ហើយនៅលើដីនោះ។ ថ្ងៃក្រោយបើរដ្ឋត្រូវការដីនោះ លោកក៏ឲ្យកូនប្រគល់ដីនោះជូនទៅរដ្ឋវិញដោយឥតលក្ខខណ្ឌទេ។

ដោយឡែកលោក សេក ហៃ អភិបាលស្រុកកូនមុំកន្លងទៅថ្មីៗ ក៏បានប្រាប់ថា ដីនោះនៅចំណុចណា លោកនឹងឲ្យនគរបាល និងអាវុធហត្ថស្រុកទៅស្រាវជ្រាវ។

លោក ថោ ប៊ុនថេត ប្រធានភូមិបាលស្រុកកូនមុំ បានប្រាប់ឲ្យដឹងដែរថា ដីរាប់រយហិកតាស្ថិតនៅទីតាំងដូចខាងលើនោះ បើទោះជាគេខំដាំដំណាំយុទ្ធសាស្រ្ត (ដំណាំកៅស៊ូ) នៅពេញលើដីនោះក៏មិនអាចទៅធ្វើប័ណ្ណសម្គាល់ កម្មសិទ្ធិបានទេ។

បើតាមមន្រ្តីជំនាញ ដីនោះរដ្ឋមានសិទ្ធិដកហូតយកនៅពេលណាក៏បានដែរ ព្រោះមានចំណង៤ចំណុច រួមមាន៖

*ទី១៖ ជាដីរដ្ឋបាលឃុំស្រុកនិងខេត្ដ
*ទី២៖ ជាដីច្រករបៀងរបស់ក្រសួងបរិស្ថាន
*ទី៣៖ ជាដីអចិន្ត្រៃយ៍របស់រដ្ឋ
*ទី៤៖ ជាគម្របព្រៃឈើឆ្នាំ២០០២ផងដែរ៕