(សៀមរាប)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត ដោយមានការ ចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត និងនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការធនធានមនុស្ស និង រដ្ឋបាលផងដែរ។

លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋនាពេលនេះ គឺបានរៀបចំធ្វើកិច្ចប្រជុំជាច្រើនរួចមកហើយ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយអំពីការ ជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ ដោយក្នុងនោះដែរ មានអង្គការសង្គមស៊ីវិលជាតិ ចូលរួមជាគណៈកម្មការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំ លេខ ០២៤សណន របស់ក្រសួងមហាផ្ទៃផងដែរ។

លោក អ៊ាន ឃុន បានបន្តថា កាជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ គឺជាការងារស្នូលរបស់ការិយាល័យ ដែលដើរតួយ៉ាងសំខាន់ ក្នុងការទទួលពាក្យបណ្ដឹង សម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធ តុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ 

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្ដាំផ្ញើដល់សមាជិកគណៈកម្មការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសការិយាល័យប្រជាពលរដ្ឋនាពេលនេះ សូមធ្វើឡើងដោយសុក្រឹត្យ ច្បាស់លាស់ និងយុត្តិធម៌ ឲ្យស្របទៅនឹងការ សម្រេចចិត្តរបស់លោក លោកស្រី ដែលបានបោះឆ្នោតជូនទៅដល់បុគ្គល ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន៣នាក់ ក្នុងនោះមាន៖ ទី១-លោក ទីវ សារ៉ូន,ទី២-លោក នេត ផល្គុន និងទី៣-លោក សៅ សាវុធ។ ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៤នាក់ រួមមាន៖ ទី១-លោក ទីវ សារ៉ូន, ទី២-លោក សៅ សាវុធ,ទី៣-លោកស្រី ស៊ឹម សុវណ្ណារី និងទី៤-លោក ស៊ុម ស៊ីណា។

ក្រោយការបោះឆ្នោត លោក នេត ផល្គុន បានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប និងលោកស្រី ស៊ឹម សុវណ្ណារី ជាអនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត។ បន្ទាប់ពីការបោះឆ្នោត និងប្រកាសលទ្ធផល លោក អ៊ាន ឃុន ក៏បានណែនាំដល់ក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត រៀបចំធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់៕