(ភ្នំពេញ)៖ ប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនមួយចំនួនទៀត បានរួមគ្នាធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការវិនិយោគ។

បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជា គណៈប្រតិភូ បានចូលជួបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបនេះធ្វើឡើង​តបតាម​សំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទ​ប្បញ្ញត្តិ​នានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរ បានជជែកពិភាក្សាលើគម្រោង​វិនិយោគ​លើ​វិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់​ដែលមានបំណង​វិនិយោគ​លើ​វិស័យ​នានានៅកម្ពុជា សូមរៀបចំដាក់ពាក្យស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មក​ជាមួយការ​សិក្សា​លម្អិត​​របស់​ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​ក្នុងការជួយសម្របសម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូន ដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើត​ឡើង​ក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាង​អាជី​វ​កម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕