(ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស រិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន បានណែនាំ និងដាក់ចេញវិធានការមួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ទន្ទឹមនេះយើងមានវិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មានដូចជា (នៅតាមសាលារៀន និងសហគមន៍) ហើយសូមឲ្យមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា បន្តការខិតខំអប់រំ ផ្សព្វផ្សាយឲ្យទូលំទូលាយបន្ថែមទៀត អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ការធ្វើវេទិកាសាធារណៈ និងវិធានការមួយចំនួនផ្សេងទៀត។

វិធានការចំនួន២សំខាន់ៗ៖

*ទី១៖ គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើរដ្ឋបាលចំហរនៅក្នុងមូលដ្ឋានរបស់ខ្លួនភ្លាមៗ ប្រសិនបើទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសហការជាអាជ្ញាធរ ដើម្បីប្រមូលផ្តុំជនសង្ស័យ នៅក្នុងតំបន់នោះយកមកធ្វើតេស្តិ៍រកសារធាតុញឿន ពេលធ្វើការត្រួតពិនិត្យបើរកឃើញអ្នកមានសារធាតុញៀន មន្ត្រីនគរបាលរបស់យើងត្រូវធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញា ដើម្បីចេញដីការឱ្យទៅបន្សាបគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ស្រុកស្ទឹងហាវ យើងបានរកឃើញអ្នកមានសារធាតុញៀនចំនួន ១១៥នាក់រួចមកហើយ។

*ទី២៖ គោលដៅលើការធ្វើចរាចរណ៍ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យលើអ្នកបើកបរ ដោយធ្វើតេស្តិ៍រកសាធាតុញៀនឲ្យបានញឹកញាប់បំផុត។ ធ្វើបែបនេះសំដៅអប់រំ ការធ្វើរដ្ឋបាល និងការអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងសហគមន៍ ព្រោះកន្លងមកស្វែងរកប្រភពអ្នកជួញដូរ ទន្ទឹមនឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការពិនិត្យអ្នកបើកបរមានជាតិស្រវឹង យើងបានរកឃើញនូវសារធាតុញៀនឈាន ទៅធ្វើការបង្ក្រាបបានទ្រង់ទ្រាយធំនាពេលថ្មីៗ។

នាយឧត្តមសេនីយ៍ មាស រិទ្ធ បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុលោមតាមស្មារតី នៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រឿងញៀនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ គណៈបញ្ជាការឯកភាពខេត្ត ត្រូវបន្តផ្សព្វផ្សាយតាមរយៈយន្តការ កាត់បន្ថយតម្រូវការគ្រឿងញៀន ធ្វើឲ្យសមិទ្ធផល និងស្នាដៃទទួលបានជាបន្តបន្ទាប់ ដើម្បីភាពកក់ ក្តៅនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ការផ្សព្វផ្សាយអប់រំត្រូវធ្វើឲ្យបានផុលផុសនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិរបស់យើង។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស រិទ្ធ បានថ្លែងសាទរ និងកោតសសើរគណៈកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសើរ លើការងារត្រួតពិនិត្យគ្រឿងញៀន នាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕