(ភ្នំពេញ)៖ លោក កៅ មួយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើថា អាហារូបត្ថម្ភ គឺជាបេះដូងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ក្នុងឱកាសបើកសិក្ខាសាលាស្តីពី ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ លោក កៅ មួយថង បានថ្លែងថា អាហារូបត្ថម្ភ គឺជាស្នូលនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងផែនការសកម្មភាពមួយទស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ប្រទេសនីមួយៗត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតគំនិតច្នៃប្រឌិត ដោយផ្អែកលើលទ្ធផលសិក្សាស្រាវជ្រាវ និងការអន្តរាគមន៍នានាសម្រាប់ការកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។

នាឱកាសនោះដែរ លោកបានបន្ថែមថា ផ្អែកតាមការស្រាវជ្រាវនៃអ្នកជំនាញអាហារូបត្ថម្ភ បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងបញ្ហាលើសទំងន់ វាមានការទំនាក់ទំនងគ្នាទៅវិញទៅមក ហើយវាអាចកើតមានជាលក្ខណៈបុគ្គល វាអាចកើតមានក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសទាំងមូល។ កង្វះអាហារូបត្ថម្ភធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស គឺធំជាងផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាម ការជក់បារី និងការបំពុលខ្យល់ ជាដើម។

លោកបានឱ្យដឹងថា សម្រាប់កម្ពុជា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងឯកសារគតិយុត្តិនានាទៀតដែលយើងត្រូវការ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា «បើយើងវិនិយោគ ១ដុល្លាលើអាហារូបត្ថម្ភ នោះយើងនឹងបានមកវិញ ១៦ដុល្លារ លើលទ្ធផលវិជ្ជមានជាច្រើនស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរួមទាំងស្ថិរភាពសង្គម បានទទួលការអប់រំរៀនសូត្រ ជាដើម»។ រាជរដ្ឋាភិបាលបានទទួលស្គាល់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសេដ្ឋកិច្ច សង្គមនិងវប្បធម៌ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ ហើយចាត់ទុកវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភថាជាបញ្ហាអន្តរវិស័យដ៏មាន សារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចជាតិ ហើយសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងស្មារតីនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានគាំទ្រគ្រប់បែបយ៉ាងដល់ការពង្រឹងប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយពង្រឹង និងកែប្រែវិធីសាស្រ្តនៅក្នុងរបៀបនៃការផលិត អាហារ ការដឹកជញ្ជូន ការវេចខ្ចប់ ការទុកដាក់ និងការប្រើប្រាស់ ជាដើម និងចូលរួមចំណែកអនុវត្តច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់យើងឱ្យមានប្រសិទ្ធភាព។

លោក កៅ មួយថង បានបញ្ជាក់ថា សិក្ខាសាលាស្តីពីប្រព័ន្ធស្បៀងដែលមានការគិតគូរពីអាហារូបត្ថម្ភ គឺជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងប្រព័ន្ធស្បៀងអាហារ ដើម្បីចែករំលែក ផ្លាស់ប្តូរព័ត៌មានអំពីគម្រោងដែលកំពុងបន្តអនុវត្ត ឬធ្វើគម្រោងនាពេលខាងមុខ ហើយក៏ជាបណ្តាញលើកកម្ពស់ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៅតាមតំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។

លោកបានបន្ថែមថា សិក្ខាសាលាស្តីពីប្រព័ន្ធស្បៀងដែលមានការគិតគូរពីអាហារូបត្ថម្ភ គឺជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងប្រព័ន្ធស្បៀងអាហារ ដើម្បីចែករំលែក ផ្លាស់ប្តូរព័ត៌មានអំពីគម្រោងដែលកំពុងបន្តអនុវត្ត ឬធ្វើគម្រោងនាពេលខាងមុខ ហើយក៏ជាបណ្តាញលើកកម្ពស់ប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៅតាមតំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង១)បង្ហាញ និងបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវ និងករណីសិក្សាលើប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៃគម្រោងតំបន់ដីសណ្តរទន្លេមេគង្គក្រោម។ ២) ផ្លាស់ប្តូរព័ត៌មានអំពីគម្រោងដែលកំពុងបន្តអនុវត្ត និងនាពេលខាងមុខ ដែលទាក់ទងនឹងប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ នៅក្នុងតំបន់ដីសណ្តមេគង្គក្រោម។ ៣) ចងក្រងមេរៀន ការអនុវត្តល្អ និងផលប៉ះពាល់ផ្នែកគោលនយោបាយលើការបង្កើត និងការអនុវត្តប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភ។ លទ្ធផលនៃសិក្ខាសាលានេះ នឹងចូលរួមចំណែកដល់ភាគីពាក់ព័ន្ធទាំងអងស់ក្នុងការបង្កើតគោលការណ៍ណែនាំ/អនុសាសន៍សម្រាប់ការបង្កើត និងអនុវត្តប្រព័ន្ធស្បៀងដែលគិតគូរដល់អាហារូបត្ថម្ភនៅក្នុងតំបន់ដីសណ្ដមេគង្គក្រោម៕