(រតនគិរី)៖ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែត២នាក់ ក្រោយពីអ្នកដឹកឈើ៣ដុំ តាមម៉ូតូបឹ្តងទៅនគរបាលប៉ុស្តិ៍ សង្កាត់បឹងកន្សែងថា មានជនមិនស្គាល់មុខដេញកៀរម៉ូតូពួកគាត់ឲ្យឈប់ តែគាត់មិនព្រមឈប់ហើយ បន្ថែមល្បឿនចូលដល់ក្នុងផ្ទះ ក៏ជនទាំងនេះបន្តចូលទៅក្នុងផ្ទះគាត់ថែមទៀត។
ជនរងគ្រោះដែលជាម្ចាស់ផ្ទះ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយពេលភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ក៏ប្រទះឃើញពួកគេទាំង២នាក់ (អ្នកកាសែត) ក៏ធ្វើការឃាត់ខ្លួនតែម្តង។
ម្ចាស់ម៉ូតូដឹកឈើចំនួន៣ដុំនេះ បានប្រាប់នគរបាលប៉ុស្តិ៍បឹងកន្សែងឲ្យដឹងថា គាត់ឃើញជនទាំង២នាក់នេះ ជិះម៉ូតូឌុបគ្នាដេញគាត់ និងកៀរម៉ូតូឲ្យឈប់ ដោយគាត់មានការភ័យខ្លាច ក្រែងក្រុមក្មេងស្ទាវស្ទាក់វ៉ៃគំរាមយកលុយទើបគាត់ សុំអន្តរាគមន៍ទៅនគរបាលប៉ុស្តិ៍ ដែលនៅក្បែរនោះតែម្តង។
នគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងប្រាប់ឲ្យដឹងថា ក្រោយពីសួរនាំអ្នកទាំង២នេះទើបដឹងថា ពួកគាត់ជាអ្នកកាសែត ដោយក្នុងនោះមានទី១ ឈ្មោះ តែ ផានិត អ្នកយកព័ត៌មានអង្គភាពរស្មីព្រះវិហារ កាតសម្គាល់ខ្លួន ផុតកំណត់ថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៦ និងទី២-ឈ្មោះ ឆែម រ៉ានី ភ្នាក់ងារសារព័ត៌មាន អង្គភាពមាតុភូមិ (ប្រចាំការខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង) កាតសម្គាល់ខ្លួន មានសុពលភាពថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៦។
នគរបាលប៉ុស្តិ៍ដដែលបានប្រាប់បន្តទៀតថា បន្ទាប់ពីសាកសួរ និងត្រួតពិនិត្យមើលប័ណ្ណសំគាល់ខ្លួន រួចមកត្រូវបានថ្នាក់លើឲ្យត្រឡប់ទៅផ្ទះវិញ។
នគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងបន្ថែមឲ្យដឹងទៀតថា ក្នុងភូមិសាស្ត្ររបស់ខ្លួនមួយរយៈពេលនេះ មានមនុស្សប្លែកមុខជាច្រើន ហើយករណីចោរលួច ចោរឆក់ក៏កើតមានដែរ ដូច្នេះត្រូវរឹតបន្តឹងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
ដោយឡែកសេចក្តីរាយការណ៍មួយទៀត បានឲ្យដឹងថា នៅខេត្តរតនគិរីមានអ្នកកាសែត ប្រមាណជាង៧០នាក់ ដែលពួកគាត់ខ្លះជាអ្នករត់ម៉ូតូឌុប លក់បន្លែ ជាងសំណង់ ជាដើម ត្រូវបានមេខ្យល់កៀងគរឲ្យធ្វើប័ណ្ណព័ត៌មាន ដោយអះអាងថា ចាងហ្វាងកាសែតនៅភ្នំពេញ ឲ្យជ្រើសរើសអ្នកព័ត៌មាន ដោយថ្នូរនឹងលុយ១០០ដុល្លារទៅ២០០ដុល្លារ៕