(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
សម្តេចធិបតី ថ្លែងបែបនេះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥លានដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។
សូមជម្រាបថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បិរយាបន្ន និងសមធម៌ និងការជៀសវាង បាននូវការធ្លាក់ចុះយ៉ាង ហុកនៃប្រាក់ចំណូលសម្រាប់គ្រួសារ ដែលធ្លាប់ទទួលបានប្រាក់ឧបត្តម្ភកន្លងមក។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤៕