(ភ្នំពេញ)៖ លោក គីម ហ៊ាង ប្រធានសហគមវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងជំរុញ និងស្វាគមន៍ឲ្យមានការបង្កើតច្បាប់បញ្ញតិ ទាក់ទងដីពុះឡូត៍ឲ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីបង្កលក្ខណៈងាយស្រួល និងការពារផលប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋដែលចំណាយថវិកាទិញដីពុះឡូត៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងវេទិកាសាធារណៈស្ដីពី «បច្ចុប្បន្នភាពឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា» នាសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោក គីម ហ៊ាង បានឲ្យដឹងថា «សម្រាប់ខ្ញុំស្វាគមន៍ សប្បាយចិត្តនៅពេលដែលសកម្មភាពដីធ្លី ការពុះដីឡូត៍កំពុងតែកក្រើកឡើងខ្លាំង ទាំងក្នុងទីក្រុងភ្នំពេញ ជាយក្រុង និងតាមខេត្ត ហើយក្រសួងសេដ្ឋកិច្ច មានគម្រោងក្នុងការបង្កើតច្បាប់បទបញ្ញតិទាក់ទងដីឡូត៍ហ្នឹង ខ្ញុំស្វាគមន៍ឲ្យមានច្បាប់បញ្ញតិឲ្យលឿនបំផុតតាមដែរអាចធ្វើទៅបាន»

លោកបានបន្ថែមទៀតថា នៅពេលដែលមានការពង្រាងច្បាប់នេះ ខ្ញុំស្នើក្រសួងសេដ្ឋកិច្ច បើកទូលាយឲ្យមានការចូលរួមទាំងអស់ ពីអ្នកដែលមានជំនាញ ក្នុងវិស័យអចលនទ្រព្យ ពីព្រោះប្រសិនជាអ្នកដែល ធ្វើច្បាប់មិនយល់ ពីការងារជាក់ស្ដែងជារឿងមួយពិបាក ក្នុងការអនុវត្តន៍ មានតែអ្នកជំនាញក្នុងវិស័យនេះទេ ដែលដឹងថា ការងារអ្វីខ្លះជាចំណុចល្អ ការងារអ្វីខ្លះជាចំណុចអាក្រក់ ចំណុចបញ្ហាប្រឈមក្នុងការបង្កើតច្បាប់។ ប្រសិនជាក្រសួងបើកជាវេទិកាសារធារណៈច្រើនទាក់ទងដីឡូត៍ និងអញ្ជើញអ្នកជំនាញលើវិស័យដីឡូត៍ចូលរួម ខ្ញុំគាំទ្រ និងគិតថាច្បាប់ថ្មីនេះ នឹងចំណេញទៅដល់អ្នកទាំងអស់គ្នា។

លោក ខេង ចេង ប្រធានក្រហ៊ុនអចលនទ្រព្យ CPL បានឲ្យដឹងថា ពាក់ព័ន្ធដីឡូត៍ពុះលក់នេះឃើញនៅតាមបណ្ដាជាយក្រុងមានសន្ទុះច្រើនមែនទែន តាមពិតទៅការពុះឡូត៍ លក់ជារឿងមួយល្អ ដែលអាចធ្វើឲ្យអ្នកមានលទ្ធភាព ពួកគាត់អាចចែករំលែកដល់អ្នកដែលមានលទ្ធភាពតូចតាច ដែលពួកគាត់ចង់មានកន្លែងសម្រាប់រស់នៅ មានទីតាំងសមរម្យ​ការទិញដូរនៃ​ការពុះដីឡូត៍មានលក្ខណៈមួយ ប្រកបដោយភាពរីកចំរើន។

លោកបន្ដទៀតថា «សម្រាប់ខ្ញុំជាអ្នកផ្ដល់សេវាខាងដីធ្លីនេះ ខ្ញុំមើលឃើញថា ស្ថិតនៅក្នុងភាពរីកចំរើន ហើយការពុះឡូត៍នេះច្រើនយើងក៍ឃើញថា មានការបារម្ភខ្លះដែរ ពាកព័ន្ធនឹងបញ្ហាទាំងអស់ នឹងពេលដែរយើងពុះឡូត៍ច្រើន គឺវាពាកព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុង ហើយវាអាចធ្វើឲ្យធ្វើឲ្យទីក្រុងយើង ពេលដែលយើងចង់ធ្វើអ្វីមួយ គឺអាចបង្កប៉ះពាល់ផ្សេងៗ កន្លងមកខ្ញុំបាន មើលឃើញថា ពេលដែលគាត់ពុះឡូត៍ ពេលដែលគាត់សាងសង់ ដូចជាខាងរាជរដ្ឋាភិបាលអត់បានចូលរួមចំណែក ក្នុងការណែនាំផ្ដល់ជាលក្ខណៈបច្ចេកទេសដល់ពួកគាត់នោះឡើយ ហើយនៅពេលពួកគាត់បញ្ចប់ការសាងសង់ ទើបឃើញមានអាជ្ញាធរទៅផ្ដល់ការណែនាំ ដែលបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពរដ្ឋ។ ខ្ញុំសំណូមពរ ដល់ដល់អាជ្ញាធរ និងអ្នកពុះឡូត៍ធ្វើអ្វីក៏ដោយត្រូវផ្សាភ្ជាប់ នឹងត្រូវមានការណែនាំត្រឹមត្រូវ ទៅដល់ប្រជាពរដ្ឋ»

ជាមួយគ្នានេះ លោក គីម ហ៊ាង ក៏បានបញ្ជាក់គោលបំណងនៃការរៀបចំវេទិកា «បច្ចុប្បន្នភាពឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា» ថាផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ជាពិសេសអ្នកពាក់ព័ន្ធនឹងវិស័យដីធ្លី ហើយក្នុងថ្ងៃនេះត្បិតតែវេទិកានេះ ធ្វើឡើងតែមួយថ្ងៃតែយើងផ្ដោតសំខាន់ ទៅលើចំណុចសំខាន់ចំនួន៦ចំណុច គឺយើងនិយាយពី ដីឡូត៍ ខុនដូ បុរី និយាយពីការងារទាក់ទងក្រសួងសេដ្ឋកិច្ច ក្នុងការផ្ដល់អាជ្ញាប័ណ្ណរបស់ក្រសួងដែនដី ប្រភេទដីធ្លី និងនិយាយពីអ្វីដែលកម្ពុជាចំណេញក្នុងទីផ្សារអាស៊ាន៕