(ស្ទឹងត្រែង)៖ មន្ទីរបរិស្ថាន បានបន្តផ្សព្វផ្សាយ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀនគ្រូយើង ខាងខេត្តស្ទឹងត្រែង  ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក ដោយការធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីរួមគ្នាជាការពារបរិស្ថានរបស់កម្ពុជា ប្រកបដោយភាពស្អាត និងបៃតង។

កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង តំណាងឱ្យ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និង លោក ហ៊ុយ សុគន្ធ អនុប្រធានបរិស្ថាន ខេត្ត  និង មានការចូលរួម ពី គណៈអភិបាលក្រុង ជាច្រើនរូប។

លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់ រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥រួមមាន៖ ការកាត់បន្ថយការ បំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា «ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន៣ ដែលត្រូវជំរុញក្នុងរយៈពេល១០០ថ្ងៃដំបូង រួមមាន៖ ទី១. ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២. ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០ភាគរយ នៅឆ្នាំ២០៥០ និងទី៣. ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាពនិងអព្យាក្រឹត្យកាបូន។

លោក ចៅ មុន្នីរ៉ា បានស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះឱ្យបានច្រើនកុះករ និងជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាស្អាតជានិច្ច។

លោកអភិបាលរងខេត្តបានបន្តថា «ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយ ជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។
ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ ទើបរដ្ឋបាលខេត្តស្ទឹងត្រែង គាំទ្រ និងលើកទឹកចិត្តនូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត គ្មានសំណល់ប្លាស្ទិក»។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ចៅ មុន្នីរ៉ា ក៏បានកោតសរសើដល់មន្ទីរបរិស្ថានខេត្តនិងអាជ្ញាធរក្រុងស្ទឹងត្រែងក្នុងការរួមសហការគ្នាបានល្អ ចុះផ្សព្វផ្សាយ អប់រំ បញ្ច្រាបការយល់ដឹង និងធ្វើយុទ្ធនាការមិនប្រើប្រាស់ថង់ប្លាស្ទឹក សល់សិស្សានុនានានៅក្នុងក្រុងស្ទឹងត្រែង។
  
សូមបញ្ជាក់ផងដែរថា អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស  ដែលចូលរួមក្នុងយុទ្ធនាការនេះ បានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ស្របពេលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បាននិងកំពុងបំផុសនៅចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យមានការ យល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោលសំណល់ប្លាស្ទិក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានការព្រួយបារម្ភចំពោះបញ្ហានេះ៕