(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនិវត្តន៍ជននៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ រតនាគារខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ ប្រតិភូអមដំណើរ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានរតនាគារខេត្ត លោកប្រធានសាខាពន្ធដារខេត្ត និងនិវត្តន៍ជនជាច្រើនរូបទៀត ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង។

ក្នុងពិធី លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្តនិងហិរញ្ញវត្ថុ និងជាប្រធានបុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញមកជួបសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្ត ស្ទឹងត្រែង។

លោកបានបន្តថា វត្តមានថ្នាក់ដឹកនាំក្រសួងនាពេលនេះ ពិតជាកាយវិការបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក៏ដូចជាសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត ចំពោះសុខទុក្ខរបស់រៀមច្បង ដែលជាអតីតថ្នាក់ដឹកនាំ និងមីន្រ្តីរាជការចូលនិវត្តិន៍ របស់អង្គភាព។

លោកប្រធានមន្ទីរ ក៏បានបញ្ចាក់បន្ថែមថា មន្ទីរបានដើរតួរនាទីយ៉ាងសំខាន់ក្នុងនាមជាសេនាធិការអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងចូលរួមអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់មូលដ្ឋានស្របតាមផែនការយុទ្ធសាស្ត្រថវិកា និងស្របតាមគោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលផងដែរ។

លោកស្រី កែវ ចរិយា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាល តែងតែផ្ដល់នូវការគាំទ្រ ឧបត្ថម្ភជាប្រចាំជូនដល់និវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនេះសបញ្ចាក់អោយឃើញពីទឹកចិត្ត នឹងព្រហ្មវិហារធម៌ដ៏ឧត្តុងឧត្តម ក្នុងការគិតគូរដល់និវត្តន៍ជនដែល បានខិតខំបំពេញតួនាទីភារកិច្ចការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជូនអង្គភាព និងរាជរដ្ឋាភិបាលក្នុងពេលកន្លងមក ។

លោកស្រីបន្តថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងបានរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាលដែលជាការចាប់ផ្ដើមដំបូង ឆ្លងកាត់ការលំបាកជាច្រើន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូ មីង ជានិវត្តន៍ជនរបស់យើង ដែលធ្វើអោយមានការអភិវឌ្ឍ រីកចម្រើនមកដល់បច្ចុប្បន្ននេះ ៕