(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៨ ក្រោមមូលបទ «រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាពរឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់» គឺជាការផ្តល់ឱកាសសម្រាប់ រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីពិភាក្សាយ៉ាងលម្អិតនូវផែនការ សកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងគំនិត ផ្តួចផ្តើមសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ ទាំង៦ ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសនៅក្នុងកាលៈទេសៈនៃភាពមិន ច្បាស់លាស់សកល។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងអន្តរជាតិ៕