(បន្ទាយមានជ័យ)៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡា កងយោធពលខមរភូមិន្ទ នៅទីលានកីឡាអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ បានលើកឡើងក្នុងពិធីនោះថា ការរៀបចំព្រឹត្តការណ៍ប្រកួតកីឡា កងយោធពលខេមរភូមិន្ទទូទាំងយោធភូមិភាគទី៥ ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍លើកទី១ របស់យោធភូមិភាគទី៥។ កន្លងមកមានក្រុមកីឡាកងទ័ព នៅតាមបណ្តាអង្គភាពចំណុះ និងបានចាត់តាំងជ្រើសរើសទៅចូលរួមប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម ជារៀងរល់ឆ្នាំផងដែរ។ ដោយឡែកឆ្នាំនេះ យោធភូមិភាគទី៥ បានរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីជ្រើសរើសយោធិន ក្រុម និងអង្គភាពឆ្នើម ដើម្បីបន្តទៅចូលរួមការប្រកួតកីឡាយោធា នៅសាលានាយទាហានសកម្មឆ្នាំ២០២៤ អបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នង នៅក្នុងរបបវាលពិឃាតប៉ុលពត។
សូមបញ្ជាក់ផងដែរ ការប្រកួតនេះធ្វើឡើងដោយមានអង្គភាពចូលរួមសរុបចំនួន ១៥អង្គភាពចំណុះយោធភូមិភាគទី៥ រួមមាន៖ កងពលតូចថ្មើរជើងលេខ៥១, ៥២, ៥៣, តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, កងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣, ៥០៤ កងអន្តរាគមន៍ និងសង្គ្រោះ៧០៥ វរសេនាតូចស៊ើបការណ៍, វរសេនាតូចការពារអាកាស និងតំបន់អភិវឌ្ឍន៍ មានកីឡាករសរុបចំនួន៤១៦រូប លើវិញ្ញាសាចំនួន៥ រួមមាន៖
- វិញ្ញាសារទី១ បាញ់អាវុធ AK47 ស៊ីបលេខ៨ ចំនួន ៣កាយវិកា ក្រាបបាញ់ចំងាយ២០០ម៉ែត្រ លុតជង្គង់ បាញ់ចម្ងាយ១៥០ម៉ែត្រ និងឈរបាញ់ចម្ងាយ១០០ម៉ែត្រ ដោយបាញ់មួយកាយវិកាចំនួន៥គ្រាប់ រយះពេល១នាទី ក្នុងម្នាក់ និងចោលគ្រាប់បែកដៃចម្ងាយ២៥ម៉ែត្រចំនួន ៥គ្រាប់ក្នុងម្នាក់។
- វិញ្ញាសារទី២ រត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
- វិញ្ញាសារទី៣ រត់យួរទម្ងន់៥គីឡូក្រាម ចម្ងាយ៨គីឡូម៉ែត្រ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូទម្ងន់ ៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
- វិញ្ញាសារទី៤ រត់ឆ្លងឧបស័ក្គវង់ធំ ជាក្រុមចំនួន ១៩ឧបសគ្គ ឯកសណ្ឋានប្រយុទ្ធ មួកដែក សាក់កាដូ ទម្ងន់ ៥គីឡូក្រាម និងស្ពាយអាវុធAK47 មានខ្សែ។
- វិញ្ញាសារទី៥ ប្រកួតកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ មានជំហរទាំង១២ ស្នៀតប្រយុទ្ធឥតអា វុធទាំង១០កាយវិកា។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងការកោតសរសើរចំពោះគណៈកម្មការ និងក្រុមការងារ កីឡាយោធភូមិភាគទី៥ សហការជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដែលបានខិតខំ រៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នេះឡើងទោះបីជាមិនទាន់ល្អគ្រប់គ្រាន់ លទ្ធផលនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡា ក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះការប្រកួតនៅថ្ងៃនេះ ដើម្បីឱ្យកងឯកភាពផ្សេងៗគ្នា បានមកជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព តាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី ព្រមជាមួយគ្នានេះ សូមយោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យទទួលបានជោគជ័យ៕