(ម៉ាឡេស៉ី)៖ ក្នុងជំនួបជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅប្រទេសម៉ាឡេស៉ី, លោក Tan Sri Johari Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកសរសើរពីដំណើរការដឹកនាំប្រទេសកម្ពុជាបន្ត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយទេពកោសល្យខ្ពស់ មោះមុត ក្លាហានដែលនឹងធ្វើឲ្យប្រជាជនកម្ពុជា ជាម្ចាស់ឆ្នោតមានការកក់ក្ដៅពេញចិត្តដោយក្ដីសង្ឃឹម។
ក្នុងជំនួបនាសប្ដាហ៍កន្លងទៅនេះ លោកប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសធ្វើឲ្យកម្ពុជា ពីមានសង្គ្រាមឆាបឆេះ មករំលត់សង្រ្គាមបាន ពីក្រលំបាក មកមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនជឿនលឿនយ៉ាងរហ័សលើគ្រប់វិស័យ គួរឲ្យស្ងប់ស្ងែង។
ក្នុងនោះផងដែរ លោកប្រធានរដ្ឋសភាម៉ាឡេស៉ី បានកោតសរសើរកម្ពុជា ដែលបានដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយជោគជ័យ មានតម្លាភាព យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយនៅអំឡុងពេលនោះ លោកបានមកចូលរួមធ្វើជាសាក្សី ដោយបានអញ្ជើញមកចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោត និងបានឃើញប្រជាជនមានទឹកមុខសប្បាយរីករាយ ចេញទៅបោះឆ្នោត ហើយបានបោះឆ្នោតដោយភាគរយយ៉ាងខ្ពស់។
លោកបានជម្រាបជូន លោកបណ្ឌិតអូស្មាន ហស្សាន់ ថានឹងគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលខាងមុខ ដើម្បីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាការងារ និងស្វែងយល់បន្ថែមលើកិច្ចការមួយចំនួន។ លោកក៏គ្រោងនឹងមានកម្មវិធី ចូលជួបសម្តែងការគួរសម ជាមួយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងស្ថាប័នព្រឹទ្ធសភា រដ្ឋសភាផងដែរ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលជានិច្ចកាលផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជាតរៀងមក តាំងតែពីពេលប្រទេសកម្ពុជា ផ្ដើមមានសង្គ្រាម នាឆ្នាំ១៩៧០ ដែលមួយចំនួនភាគច្រើនខ្មែរឥស្លាម បានរត់ភៀសខ្លួនមកសុំការជ្រោកកោន ហើយរដ្ឋាភិបាលម៉ាឡេស៊ី បានទទួលយកប្រជាជនកម្ពុជា ឲ្យស្នាក់នៅ គាំពារ និងថែរក្សា។
លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ប្រជាជនម៉ាឡេស៊ី ដែលបានផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដល់ប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ សង្គមកិច្ច សុខុមាលភាព និងសាសនាជាដើម។ ជាចុងបញ្ចប់ លោកប្រធានរដ្ឋសភា បានសន្យាបន្តពង្រឹងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់រឹងមាំបន្ថែមទៀត៕