(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក Biden បានចេញការព្រមានជាបន្ទាន់មួយទៅកាន់សភាកាលពីថ្ងៃចន្ទ (ទី៤ ខែធ្នូ) ថា សភាត្រូវការអនុម័តជំនួយយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារភ្លាមៗសម្រាប់អ៊ុយក្រែន ដោយលើកឡើងថា ប្រសិនបើគ្មានការយល់ព្រមទេ កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីអាចនឹងបរាជ័យទាំងស្រង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានការិយាល័យគ្រប់គ្រង និងថវិកា លោកស្រី Shalanda Young បានព្រមាននៅក្នុងលិខិតចំហមួយ ទៅកាន់មេដឹកនាំនៃសភា និងព្រឹទ្ធសភាថា សហរដ្ឋអាមេរិកនឹងអស់ថវិកាដើម្បីបញ្ជូនសព្វាវុធ និងជំនួយទៅឱ្យអ៊ុយក្រែននៅចុងឆ្នាំនេះ ដោយនិយាយថា វានឹងនាំមកនូវការបរាជ័យសម្រាប់អ៊ុយក្រែនក្នុងសមរភូមិ។
លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកបានអស់ថវិកាដែលបានប្រើ ដើម្បីជំរុញសេដ្ឋកិច្ចអ៊ុយក្រែនហើយ «ប្រសិនបើសេដ្ឋកិច្ចអ៊ុយក្រែនដួលរលំ ពួកគេនឹងមិនអាចបន្តការប្រយុទ្ធ ហើយនឹងត្រូវបញ្ឈប់ទាំងស្រុង»។
លោកស្រី Young បានសរសេរយ៉ាងដូច្នេះថា «យើងជិតអស់ថវិការដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធហើយ។ នេះមិនមែនជាបញ្ហានៅឆ្នាំក្រោយទេ។ ពេលវេលាដើម្បីជួយប្រជាធិបតេយ្យអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី គឺនៅពេលនេះឯង។ ដល់ពេលដែលសភាត្រូវធ្វើសកម្មភាពហើយ»។
គួរបញ្ជាក់ថា លោក Biden បានស្វែងរកកញ្ចប់ជំនួយជិត ១០៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតម្រូវការផ្សេងទៀត ប៉ុន្តែបានជួបការលំបាកនៅវិមាន Capitol Hill ដោយមានការសង្ស័យកាន់តែខ្លាំងឡើង អំពីទំហំជំនួយដល់អ៊ុយក្រែន សូម្បីតែក្នុងចំណោមគណបក្សសាធារណរដ្ឋដែលគាំទ្រការផ្តល់មូលនិធិនេះ ក៏បានបង្ហាញការសង្ស័យអំពីផែនការផងដែរ។
ទន្ទឹមនឹងនេះ សភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តកញ្ចប់ជំនួយដាច់ដោយឡែកមួយសម្រាប់អ៊ីស្រាអែល ដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈដែលសេតវិមានបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបំពេញតាមអាទិភាពទាំងអស់៕
រូបភាពពី Reuters