(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មន្ដ្រីកសិកម្មឃុំ ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់បៀវត្ស៍ ដូចគ្រូបង្រៀនតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូចដែលមានកំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានអះអាងថា មន្ដ្រីកសិកម្មឃុំ ត្រូវចុះធ្វើការតាមមូលដ្ឋានដូចគ្រូបង្រៀនតំបន់ដែរ ដូច្នេះទាំងប្រាក់បៀវត្ស៍ និងការឧបត្ថម្ភផ្សេង គឺឈរលើគោលការណ៍តែមួយ មិនមានស្ដង់ដារពីរនោះទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា «អត់មានស្ដង់ដារពីរ ឬស្ដង់ដារបីណាសម្រាប់មន្ដ្រីកសិកម្មនោះទេ ពោលត្រូវបានអនុវត្តសហលក្ខិន្កកៈមន្ដ្រីរាជការ ដែលចែងដោយច្បាប់ ហើយយើងអនុវត្តរបបដែលមានស្រាប់ ផ្អែកទៅលើអ្នកដែលត្រូវចុះធ្វើការងារនៅតាមមូលដ្ឋាន។ សូមកុំភ្លេចថា គ្រូបង្រៀនក៏ត្រូវចុះទៅមូលដ្ឋានដូចគ្នា ពេលខ្លះបែកចេញពីក្រុមគ្រួសារ ដើម្បីទៅបម្រើការងារនៅកន្លែងមួយចំនួន ដែលមានតម្រូវការគ្រូ»

ចំពោះការស្នាក់នៅ ចំពោះការបំផ្លាស់ទី គឺត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដូច្នេះបើគ្រូតំបន់ដែលគាត់ទៅ ស្នាក់នៅរបៀបមិច គឺមន្ដ្រីកសិកម្មឃុំ ក៏ត្រូវស្នាក់នៅរបៀបតែមួយ ដោយមិនកំណត់គោលការណ៍ខុសគ្នានោះទេ ព្រោះចំណុចទាំងអស់នេះ បានគិតគូរច្បាស់លាស់ណាស់។ នេះបើតាមការគូសបញ្ជាក់របស់លោករដ្ឋមន្ដ្រី ឌិត ទីណា។

ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងបន្ថែមថា ក្រោយពីក្រុមបច្ចេកទេសទាំងក្រសួងមុខងារសាធារណៈ ទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្អែកទៅលើមូលដ្ឋានដែលបានកំណត់ពាក់ព័ន្ធប្រាក់ឧបត្ថម្ភរបស់មន្ដ្រីកសិកម្មឃុំ ស្មើនឹងគ្រូបង្រៀននៅក្នុងតំបន់នេះ។

លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា មន្ដ្រីកសិកម្ម ដែលត្រៀមខ្លួនប្រឡងនេះ ចូលក្នុងក្របខ័ណ្ឌ «ក», «ខ», «គ» នៅពេលប្រឡងរួចក្នុងដំណាក់កាលមួយឆ្នាំ នៃការធ្វើកម្មសិក្សាតាមអ្វីដែលឃុំគោលដៅ ក្នុងនោះមន្ដ្រីកសិកម្ម ទទួលបានប្រាក់បៀវត្ស៍ទាបបំផុត ១លាន៤សែនរៀល តាមប្រភេទនៃក្របខ័ណ្ឌ និងបូកជាមួយប្រាក់ឧបត្ថម្ភប្រចាំខែចំនួន១៦០,០០០រៀល ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ដ្រីរាជការស៉ីវិល។

ទាំងលោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងលោករដ្ឋមន្ដ្រី ឌិត ទីណា សុទ្ធតែបានអះអាងដូចៗគ្នាថា ការអនុវត្តដោយផ្អែកលើមូលដ្ឋានស្ដង់ដារតែមួយ ហើយអត្ថប្រយោជន៍ទទួលបានដូចគ្នាតែម្ដង។

សូមជម្រាបថា តាមរយៈការផ្សព្វផ្សាយ និងការទទួលពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា​មានបេក្ខជនដាក់ពាក្យចូលរួមមានចំនួន ១២,៧៤៤នាក់ ហើយអ្នកដែលបានបំពេញបែបបទ និងគ្រប់លក្ខខណ្ឌ ដែលបានវាយតម្លៃត្រឹមត្រូវ អាចចូលរួមប្រឡងប្រជែងបានមានចំនួន ៣,៣២៩នាក់។ បេក្ខជនទាំង ៣៣២៩នាក់នេះ បានបង់ប្រាក់តម្កល់រួចរាល់អស់ហើយ និងត្រៀមប្រឡងប្រជែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕